(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធាន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ បានចាត់មន្រ្តីប្រតិបត្តិសាខាខេត្ត សហការជាមួយលេខាដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូន បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា ដល់សិស្សានុសិស្ស នៃវិទ្យាល័យសង្កែ ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានសិក្សានុសិស្សចូលរួម ១,១៥៣នាក់។

កាចុះអប់រំផ្សព្វផ្សាយស្ដីពីការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ដើម្បីចូលរួមលើកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ខណៈ បញ្ហានេះបានក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ហើយត្រូវទាមទារឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា។

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបញ្ជាក់ថា យុទ្ធនាការនេះមានបំគោលណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ពិសេសសិស្សានុ​សិស្ស​ឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ ការឆ្លងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងឱកាសនោះលោក យ៉ាន ឧត្តម ក៏បានលើកឡើងពីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «ប្តេជ្ញាឈប់ប្រើប្រាស់ ប្លាស្ទិក» និងគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដែលវាផ្តល់ផលអាក្រក់ខ្លាំងដល់បរិស្ថាននិងសភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ពិសេសធ្វើឱ្យផែនដី​ឡើងកំដៅ វាត្រូវការចំណាយពេលរហូតដល់ទៅរាប់សិបឆ្នាំ ទើបអាចរលាយបាន មិនតែប៉ុណ្ណោះការដុតកាកសំណល់ថង់ប្លាស្ទិក ក៏មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសុខភាព មនុស្ស សត្វផងដែរ ដោយនៅក្នុងផ្សែងដែលចេញពីការដុតនោះ មានផ្ទុកសារធាតុឌីអុកស៊ីត ដែលជាភ្នាក់ងារបង្កជងឺមហារីក និងបំផ្លាញស្រទាប់អូហ្សូន ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួម ក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ។

លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព។ ក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ នៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភ័ក្ត ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹងចង់សាកឱ្យសោះ​ព្រោះថា គ្រឿងញៀនវាធ្វើឱ្យយើងបាត់បង់នូវសមត្ថភាពក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើឧបាយមុខផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបានរៀបចំជាសំណួរចម្លើយ ដល់សិស្សានុសិស្សហើយអ្នកណាឆ្លើយសំណួរត្រូវនឹងទទួលបានមួកសុវត្ថិភាព១ ព្រមទាំងនិងចែកជូន​ឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ជាច្រើនទៀតផងដែរ៕