(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណកម្មការចម្រុះថ្នាក់ខេត្តក្រុង ចុះបង្រ្កាបទីតាំងល្បែងស៉ីសង ជល់មាន់ លេងឆ្នោតឡូតូ នៅក្រុងខេមរភូមិន្ទ ដែលគ្មានច្បាប់អនុញ្ញាត។

លោក ហាក់ ឡេង បានឲ្យដឹងថា មានចំនួន៥ទីតាំង ដែលគ្មានច្បាប់អនុញ្ញាត ហើយក្រុមការងារបានធ្វើកិច្ចសន្យា មិនឲ្យមានការបើកល្បែងផ្សងសំណាងបន្តទៀតឡើយ ព្រោះល្បែងផ្សងសំណាងទាំងអស់នេះ វាអាចបង្កឲ្យមានភាពអសន្តិសុខក្នុងមូលដ្ឋាន និងមានអំពើហិង្សាក្នុងគ្រួសារ មានចោរកម្មលួចឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់។ វាក៏ធ្វើឲ្យបាត់បង់កិត្យានុភាពក្នុងខេត្ត ភ្លៀវទេសចរជាតិ-អន្តរជាតិ បារម្ភពីសុវត្តិភាព និងបាត់បង់តម្លៃនៃសន្តិភាព សុវត្ថិភាពផងដែរ។

លោកអភិបាលរងរូបនេះ បានបន្ថែមថា កម្លាំងគណៈកម្មការចម្រុះខេត្ត និងកម្លាំងសមត្ថកិច្ចត្រូវតែចូលរួមសហការក្នុងទប់ស្កាត់កុំមានល្បែងស៉ីសង ការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន កុំឲ្យមាន ព្រោះទាំងអស់នេះ ធ្វើឲ្យអសន្តិសុខក្នុងមូលដ្ឋានផងដែរ។ ក្នុងករណីម្ចាស់ទីតាំងមិនគោរពច្បាប់ការណែនាំរបស់អាជ្ញាធរទេ ម្ចាស់ទីតាំងទាំងអស់ត្រូវប្រឈមនឹងផ្លូវច្បាប់។

សូមជម្រាបថា សកម្មភាពនេះ ធ្វើឡើងដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចេញសារសម្លេងជាបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងបើកថ្មី ឲ្យចាត់វិធានការបិតជាបន្ទាន់ និងរាយការណ៍ជូនសម្តេច៕