(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន១១គោលដៅ នាយប់ថ្ងៃទី១៤ ខែកុម្ភៈនេះ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យ យានយន្តចំនួន ៤៣៣គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន១១គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៤៣៣គ្រឿង ម៉ូតូ និងPassapp ចំនួន ២៤៦គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន១៤នាក់ រកឃើញវិជ្ជមាន៤នាក់
*ទី២៖ ធ្វើតេស្តរកសារធាតុញៀនចំនួន១៦នាក់ រកឃើញវិជ្ជមាន៨នាក់ (អប់រំណែនាំ បញ្ជូនទៅមណ្ឌលកែប្រែ)។
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន១២២គ្រឿង (អាវុធឆ្លងកាត់)។
*ទី៤៖ ឃាត់ខ្លួនបាន៥នាក់ (ខ្មែរ) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។
*ទី៥៖ ឃាត់រក្សារថយន្ត១គ្រឿង។
*ទី៦៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន១២នាក់ បើកបរម៉ូតូគ្មានស្លាកលេខ១នាក់ (ផាកពិន័យតាមគោលការណ៍)។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុនឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕