(រតនគិរី)៖ លោក ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំដោយលោក ឌុច ចាន់តូ អភិបាលខេត្តស្តីទី ដើម្បីពិភាក្សាលើការងារចុះធ្វើអធិការកិច្ចតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំអគារ Bសាលាខេត្ត ដោយមានការចូលរួមពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត, លោកឧត្តមអគ្គានុរក្សប្រធានពន្ធនាគារខេត្ត, លោក លោកស្រីប្រធាន មន្ទីរជុំវិញខេត្ត, លោកប្រធានសាខាពន្ធដារខេត្ត, លោកប្រធាន សាខាគយ និងរដ្ឋាករខេត្ត, លោកប្រធាន សាខាធនាគារជាតិនៃកម្ពុជា, លោកប្រធាន រតនាគារខេត្ត, លោកប្រធាន អង្គភាពអគ្គិសនីខេត្ត, លោកប្រធាន សាខាបេឡាជាតិសន្តិសុខសង្គមខេត្ត, លោកប្រធាន សាខា ក.ប.ប ខេត្ត, លោកប្រធាន សភាពាណិជ្ជកម្មប្រចាំតំបន់ខេត្តក្រចេះ, ស្ទឹងត្រែង និងខេត្តរតនគិរី។

សូមជម្រាបជូនថា ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ ក្រសួងអធិការកិច្ច បានចាត់គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក ហេង ចាន់ឌី រដ្ឋលេខាធិការ ចុះធ្វើអធិការកិច្ចនៅខេត្តរតនគិរី លើការងារចំនួន៣ រួមមាន៖

*ទី១៖ ការអនុវត្តតួនាទី-ភារកិច្ច
*ទី២៖ ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ
*ទី៣៖ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅសាលាដំបូងខេត្ត អង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ចាប់ពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ចប់ភារកិច្ច៕