(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំងអស់ ដែលមានការបំពងសម្លេងលឺៗ លើសកម្រិតធ្វើឲ្យរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមសេចក្ដីជូនដំណឹង, រដ្ឋបាលខេត្ត បានចាត់តាំងមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ចុះវាស់សម្លេងជាក់ស្ដែងឃើញថា អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមួយចំនួន មានការបំពងសម្លេង លឺៗ លើសកម្រិតស្តង់ដារ កំណត់មានចាប់ពី ៧៩.៦ដេស៊ីបែល (dB(A)) ដល់ ៩០.២ដេស៊ីបែល (dB(A)) ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជន។
ដូចបានជម្រាបជូនខាងលើ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំលោក លោកស្រី ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្ស ពេញវ័យទាំងអស់ ពិសេសនៅតាមឆ្នេរអូរឈើទាលទាំងអស់ ត្រូវអនុវត្តតាមកម្រិតកំណត់ស្តង់ដារសម្លេងអតិបរមា ដូចខាងក្រោម៖
*ទី១៖ ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច ស្តង់ដារសម្លេងអតិបរមា ៧៥ដេស៊ីបែល (dB(A))
*ទី២៖ ចាប់ពីម៉ោង ១៨៖០០នាទី ល្ងាចដល់ម៉ោង ២២៖០០នាទីយប់ ស្តង់ដារសម្លេងអតិបរមា ៧០ដេស៊ីបែល (dB(A))
*ទី៣៖ ចាប់ពីម៉ោង ២២៖០០នាទី យប់ដល់ម៉ោង ៦៖០០នាទីព្រឹក ស្តង់ដារសម្លេងអតិបរមា ៥០ដេស៊ីបែល (dB(A))
រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បើម្ចាស់អាជីវកម្មទាំងអស់ មិនអនុវត្តតាមការកំណត់ខាងលើ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ដោយត្រូវទទួលពិន័យអន្តរការណ៍ ឬផ្តន្ទាទោសដោយយោង ទៅតាមមាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ និងមាត្រា២៥ ជំពូកទី៩ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំងអស់ ពិសេសនៅតាមឆ្នេរអូរឈើទាលទាំងអស់ជ្រាប និងចាត់ចែងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អ៕