(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៨២៨,៥៤៦ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, លោក យីសុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង, លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងនេះនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុង អនុវត្តគម្រោង។ គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន៦៩១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

សម្រាប់ជំនួយនេះដើម្បីអនុវត្តគម្រោងខាងក្រោម៖

*ទី១៖ គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួនបីស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា (ថវិកាចំនួន ៥១៥,០៦០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញា សិប្បនិម្មិត (AI)។ គ្រាប់មីននៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់កំពុងអភិវឌ្ឍន៍សម្រាប់កសិកម្ម កន្លែងទេសចរណ៍ និងតំបន់ សម្រាប់រោងចក្រខ្នាតធំៗ។ បច្ចុប្បន្ន គ្រាប់មីនត្រូវបានរកឃើញ ដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងនាំមកនូវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋប្រមាណ ២០ពាន់នាក់ ក្នុងខេត្តទាំងបី ដោយការលុបបំបាត់គ្រាប់មីនក្នុងផ្ទៃដីសរុប ០,៩៦គីឡូម៉ែត្រការ៉េ។

*ទី២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង (ថវិកាចំនួន ៨៨,៩០០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង

ក្នុងគម្រោងនេះ អគារសិក្សា ១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៦នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

*ទី៣៖ គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរី (ថវិកាចំនួន ១៥,០៦០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជា៖ តម្លើង ឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់ សម្រាប់សហគមន៍ កសិកម្ម ចំនួន៤ ក្នុងខេត្តរតនគិរី។ បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្របច្បាប់ត្រូវបានលក់ក្នុងតម្លៃទាប ក្នុងរដូវប្រមូលផល ដោយសារតែពុំមានឃ្លាំង និងកន្លែងសម្ងួត។ បន្ថែមពីលើនេះ កសិករបាននិងកំពុងមានភាពលំបាកក្នុងការរក្សាគុណភាព នៃគ្រាប់ស្វាយចន្ទីឱ្យខ្ពស់ក្នុងដំណើរការផលិត ដោយសារតែពួកគេមិនមានឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់។ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ២០០នាក់ នៅក្នុងសហគមន៍ កសិកម្ម ចំនួន៤ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។

ជំនួយឥតសំណងគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។

ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩១គម្រោង នៅទូទាំងប្រទេសកម្ពុជា៕