(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា “គ.អ.ច.ទ.” បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិភាក្សាពីការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស និងការពង្រឹងគុណភាពនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក សុខ សូកេន បានឱ្យដឹងថា កិច្ចប្រជុំនេះបានលើកឡើងពីសារៈសំខាន់នៃយន្តការរបស់គណៈកម្មការអន្តរក្រសួងក្នុងការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស ជាពិសេសបានចូលរួមចំណែកក្នុងការពង្រឹងគុណភាពនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១នេះជាឱកាសក្នុងការពិនិត្យរួមគ្នាលើស្ថានភាពនៃការសម្រួលការធ្វើដំណើរនាពេលបច្ចុប្បន្ន និងចែករំលែកគ្នាអំពីបញ្ហាប្រឈម ឬភាពអសកម្មណាមួយ តាមរយៈការចូលរួមយ៉ាងផុលផុសដើម្បីរួមគ្នាលើកជាយោបល់ និងផ្តល់ជាគំនិត ដើម្បីធ្វើយ៉ាងណាឲ្យធ្វើភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាធ្វើដំណើរទស្សនានៅកម្ពុជាប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅ។

លើសពីនេះទៅទៀត ជាលទ្ធផលបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅនេះ កម្ពុជា-ថៃបានឯកភាពគ្នាក្នុងការសម្រួលថ្លៃទិដ្ឋាការដល់ពលករឆ្លងដែនទៅវិញទៅមកសម្រាប់ឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ ការណ៍នេះនឹងជំរុញឱ្យមានចលនាឆ្លងកាត់ព្រំដែនកាន់តែច្រើនបន្ថែមទៀត ដែលទាមទារឱ្យមានការត្រៀមខ្លួនជាមុនក្នុងកិច្ចសម្របសម្រួលឆ្លងកាត់នព្រំដែឱ្យបានល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ៕