(ភ្នំពេញ)៖​ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្តេជ្ញាចិត្តបន្តសហការជួយក្រសួងអភិវឌ្ឍន៍ជនបទលើការងារអភិវឌ្ឍន៍ជនបទ ដែលមានដូចជាការបន្តជួយពង្រឹងសមត្ថភាពបន្ថែមលើមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទមិត្តភាពកូរ៉េ-កម្ពុជានៅខេត្តកំពង់ស្ពឺ ការជួយបន្តអភិវឌ្ឍន៍ភូមិគំរូ និងសន្តិភាពតាមរូបមន្តចលនាភូមិថ្មី SMU និងការជួយលើការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអភិវឌ្ឍន៍ជនបទ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសជំនួបពិភាក្សារវាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោកស្រី Moonjung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានបន្តជម្រាបជូនអំពីបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះ ដូចជាការកំណត់ទិសដៅអាទិភាពលើការងារពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទឱ្យប្រកាន់ការរស់នៅដែលមានអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការរៀបចំបង្កើតឱ្យមានភូមិគំរូជាដើម។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងបានដាក់ចេញទិសដៅបន្តរបស់ខ្លួន៦ចំណុច រួមមាន៖
១-ការលើកកម្រិតគុណភាពផ្លូវជនបទពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង។
២-ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន (ផ្លូវលំ និងប្រពន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្កានុពលសេដ្ឋកិច្ចខ្ពស់។
៣-ការងារថែទាំឱ្យមានចីរភាពយូរអង្វែងនៃសមិទ្ធផលដែលបានកសាងរួច។
៤-ការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូលគ្រួសារ។
៥-ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋាននានា។
-ការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្ត្រីមូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។

លោកស្រីនាយិកាបានប្តេជ្ញាចិត្តបន្តសហការជួយក្រសួងលើការងារអភិវឌ្ឍន៍ជនបទ ដែលមានដូចជាការបន្តជួយពង្រឹងសមត្ថភាពបន្ថែមលើមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទមិត្តភាពកូរ៉េ-កម្ពុជានៅខេត្តកំពង់ស្ពឺ ការជួយបន្តអភិវឌ្ឍន៍ភូមិគំរូ និងសន្តិភាពតាមរូបមន្តចលនាភូមិថ្មី SMU និងការជួយលើការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអភិវឌ្ឍន៍ជនបទ៕