(ព្រះវិហារ)៖ លោក នាង ផាត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនលេខរៀងទី១ ភូមិភាគទី៨ បានប្រាប់អង្គបោះឆ្នោតទូទាំងស្រុករវៀង ខេត្តព្រះវិហារ សូមត្រៀមឯកសារ ពាក់ព័ន្ធ ពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ការថ្លែងរបស់លោក នាង ផាត បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមបេក្ខជនសមាជិក ព្រឹទ្ធសភាភូមិភាគទី៨ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក អ៊ុក គឹមសាន ប្រធានយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង និងលោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការ គណបក្សស្រុករវៀង ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតទូទាំងស្រុករវៀង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់។

ថ្លែងនៅក្នុងឱកាសនេះលោក នាង ផាត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទូទាំងស្រុក ពិសេសសមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតដែលមានវត្តមាននៅទីនេះ។

លោក នាង ផាត ក៏បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងស្រុករវៀង ត្រូវធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព ពិសេសរក្សាឱ្យបានល្អនូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច។

ដោយឡែកចំពោះក្រុមប្រឹក្សា ឃុំ ទូទាំងស្រុករវៀង ដែលជាអង្គបោះឆ្នោត ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមបោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជាប់ជាប្រធានព្រឹទ្ធសភាជាតិ៕