(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីស្វែងរកឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិរបស់ទារកម្នាក់ ដែលត្រូវគេយកទៅបោះបង់ចោល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

ទារកត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលកុមារបុរីទារកជាតិ ដើម្បីថែទាំជំនួសបណ្ដោះអាសន្ន។ តាមអាជ្ញាធរបានបង្ហាញថា កាលពីវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនមិនស្គាល់មុខ បានទារកទៅប្លុងបោះបង់ចោល ស្ថិតចំណុចដីទំនេរ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រោយពីបានទទួលករណីទារកខាងលើ មន្រ្តី និងអាជ្ញាធរ បានប្រកាសស្វែងរកក្រុមគ្រួសារ និងសាច់ញាតិរបស់ទារក និងបានរៀបចំចាត់ចែងស្របតាមនីតិវិធីច្បាប់រួមទាំងបានបិទប្រកាស នៅលើទីតាំងចំនួន៤ទីតាំង៖

*ទីតាំងទី១៖ ត្រង់ចំណុចទីតាំងដែលទារកត្រូវបានគេបោះបង់ចោល។
*ទីតាំងទី២៖ នៅមុខសង្កាត់ចោមចៅទី៣
*ទីតាំងទី៣៖ នៅមុខសាលាខណ្ឌពោធិ៍សែនជ័យ
*ទីតាំងទី៤៖ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕

អាជ្ញាធរបានបញ្ជាក់ទៀតថា ប្រសិនបើឪពុកម្តាយ ឬអ្នកដែលពាក់ព័ន្ធនឹងទារកខាងលើនេះ បានទទួលដំណឹង សូមទំនាក់ទនងមកទទួលយកទារកទៅចិញ្ចឹមវិញជាបន្ទាន់។ ដើម្បីជាសក្ខីភាពបញ្ជាក់ថាឪពុកម្ដាយ ឬអ្នកដែលពាក់ព័ន្ធនឹងទារក សូមភ្ជាប់មកជាមួយនូវលិខិតផ្សេងៗ ដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ រហូតដល់ ស្រុក/ខណ្ឌ។

ប្រសិនបើពុំមាន ឪពុកម្ដាយ ឬអ្នកពាក់ព័ន្ធមកទទួលយកទារកក្នុងរយៈពេល០៥ខែ ដែលគិតចាប់ពីថ្ងៃផ្សព្វផ្សាយ អាជ្ញាធរនឹងចាត់ទុកថាទារករូបនេះ ជាទារកត្រូវគេបោះបង់ចោល ហើយក្រោយពីរយៈពេលនេះ អ្នកពាក់ព័ន្ធទាំងនោះពុំមានសិទ្ធិជាផ្លូវការលើទារករូបនេះទេ។ អាជ្ញាធរពាក់ព័ន្ធនឹងរៀបចំផែនការអចិន្ត្រៃយ៍សម្រាប់ទារកដោយរអនុវត្តន៍តាមគោលនយោបាយ និងតាម
ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕