(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី បានបន្តថា និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏រឹងមាំសម្រាប់សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សមិទ្ធផលនេះ គឺកើតចេញជាសមិទ្ធផលរួម ដែលទី១ កើតចេញពីនិស្សិតខ្លួនឯង ដែលខ្ញុំសូមចូលរួមអបអរសាទរណាស់ ចំពោះជោគជ័យ។ ការរៀនសូត្រ ក៏ដូចជាការងារផ្សេងៗ មិនមែនប្រើតែ ១ថ្ងៃនោះទេ។ ខ្ញុំមិនជឿថា និស្សិតទៀតចុះឈ្មោះម្សិលមិញ ថ្ងៃនេះពាក់អាវទទួលសញ្ញាបត្រទេ គឺប្រើពេលយូរ។ ក្នុងរយៈពេលនេះ គឺប្រឈមនឹងការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ ការងារ ក៏ដូចជាស្ថានភាពផ្សេងៗ រួមទាំងការសិក្សាផង អីចឹងការណ៍ដែលនិស្សិតទាំងអស់ បានអង្គុយនៅទីនេះទទួលសញ្ញាបត្រ បានបញ្ចប់ការសិក្សាដោយជោគជ័យ បានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែងទើបបានសមិទ្ធផលនេះ។ អីចឹង នេះជាសមិទ្ធផលធំ ដែលខ្ញុំសូមអបអរសាទរសាជាថ្មី»

សម្តេចធិបតី បានបន្តថា ជោគជ័យនេះ គ្មាននរណាសប្បាយចិត្តជាងឪពុកម្តាយទេ ហើយអ្នកមានកូនខ្លួនឯង ទើបបានដឹង។ សម្រាប់ឪពុកម្តាយ ទោះថ្ងៃក្រោយយើងមានកូន ក៏គាត់នៅតែគិតថា យើងនៅតែក្មេងសម្រាប់គាត់។ អីចឹង មោទនភាព ដែលកូនបានចប់ផ្នែកមួយ នៃដំណើរការមួយនៃជីវិត គឺជាមោទនភាពមួយធំណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណ ដល់មាតាបិតា អាណាព្យាបាល និងគ្រួសារទាំងអស់ របស់និស្សិតជ័យលាភី ដែលបានផ្តល់ការគាំទ្រ ឲ្យនិស្សិតបានបញ្ចប់ការសិក្សា ដែលពួកគាត់នឹងក្លាយជាយន្តការមួយ នៃការកសាងសង្គម និងសេដ្ឋកិច្ច។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសជាតិយើងក៏មានសំណាង ដែលថ្ងៃនេះ​ យើងបានធ្វើពិធីអបអរសាទរនិស្សិតជ័យលាភី ដែលនឹងចូលក្នុងយន្តការជួយកសាង និងជំរុញសេដ្ឋកិច្ចជាតិ និងប្រទេសជាតិយើង កាន់តែអភិវឌ្ឍរឹងមាំ»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់ឧត្តមសិក្សា បានមកពីការប្រឹងប្រែងរបស់សាស្ត្រាចារ្យក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាការចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកសិក្សារបស់សាកលវិទ្យាល័យ។ សម្តេចធិបតី បានវាយតម្លៃខ្ពស់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលប្រឹងប្រែងក្នុងការបណ្តុះបណ្តាលនិស្សិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។ សញ្ញាបត្រ ដែលនិស្សិតទទួលបាននេះ ជាការជួយ លើកកម្ពស់កម្រិតប្រកួតប្រជែង បង្កើនភាពម្ចាស់ការ ជាមូលដ្ឋានបង្កើនគុណវុឌ្ឍកាន់តែខ្ពស់ឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពកាន់តែខ្ពស់។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមួយមានធនធានមនុស្ស មានមូលធនមនុស្ស ដែលមានសុខភាពល្អ មានសមត្ថភាពខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ប្រទេសនោះកាន់តែខ្លាំង។ សម្តេចបន្តថា គម្លាតខាងចំណេះងាយនឹងកាត់បន្ថយ ជាងគម្លាតខាងទ្រព្យសម្បត្តិ ហើយធនធានមនុស្សមិនអន់នោះឡើយ នៅពេលមានឱកាស។

សូមជម្រាបថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងឱកាសនេះ មានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។

ក្នុងចំណោមនិស្សិតជ័យលាភី និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ, ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ៩៩.៥ភាគរយ និងថ្នាក់បណ្ឌិត ១០០ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែក​ថ្នាក់​បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ មានចំនួន ៧ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង៕