(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ ដោយទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២០% ​ខណៈក្នុងឆ្នាំ២០២៣ បុព្វលាភដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិក​។

លោក ប៊ូ ច័ន្ទភីរូ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុង​សិក្ខាសាលា ISJ ក្រៅប្រទេស ស្តីពី «បេសកកម្មរបស់វិស័យធានារ៉ាប់រងទូទៅ ដើម្បីសុខុមាលភាពមនុស្សគ្រប់រូប​» ដែលសហការរៀបចំដោយ និយ័តករធានារ៉ាប់រងកម្ពុជា ​សមាគមធានារ៉ាប់រងទូទៅជប៉ុន វិទ្យាស្ថានធានារ៉ាប់រងទូទៅជប៉ុន និងសមាគមធានារ៉ាប់រងកម្ពុជា​ ​​ដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងលើវិស័យធានារ៉ាប់រង​ ​លើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញធានារ៉ាប់រង ដែលអាចរួមចំណែកជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រង។ ​

សិក្ខាសាលានេះបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា តំណាងក្រុមហ៊ុនធានារ៉ាប់រង និងគ្រឹះស្ថានឧត្តមសិក្សាយ៉ាងច្រើនកុះករ។

សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជូនដល់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងទូទៅចំពោះសុខុមាលភាពមនុស្សគ្រប់រូប និងផ្តល់ជូនដល់សិក្ខាកាមចូលរួមទាំងអស់នូវចំណេះដឹងជំនាញធានារ៉ាប់រង ដូចជា ការផ្តល់សំណងធានារ៉ាប់រងលើគ្រោះមហន្តរាយ, ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច, ការវាយតម្លៃហានិភ័យធានារ៉ាប់រងយានយន្ត, ការគ្រប់គ្រងហានិភ័យរបស់សហគ្រាស និងការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង ដើម្បីគាំទ្រដល់ការវិវឌ្ឍន៍នៃទីផ្សារធានារ៉ាប់រងទូទៅទាំងមូល។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសរំលេចឱ្យឃើញថា ជាមួយនឹងស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបានក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។

លោកបន្តថា «ជាក់ស្តែង ទីផ្សារមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២០% ដោយមានបុព្វលាភដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ ក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងធ្វើប្រតិបត្តិការនៅ​កម្ពុជា មានចំនួន ៤១ ជាមួយនឹងទ្រព្យសកម្មជាង១ ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១»។

យ៉ាងណាក៏ដោយ ប្រសិនបើពិនិត្យលើសូចនាករគន្លឹះ​ចំនួន២ គឺអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច និង​ដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជា ឃើញថាអត្រាភាគទានមានតែ ១.១៤% និងដង់ស៊ីតេមានតែ ២០.៧២ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលសូចនាករនេះ បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ប៉ុន្តែប្រឈមនឹងកត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់សាធារណជនអំពីការធានារ៉ាប់រងជាដើម។

ដោយមើលឃើញនូវសក្តានុពល និងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងទូទៅជប៉ុន វិទ្យាស្ថានធានារ៉ាប់រងទូទៅជប៉ុន និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលា ISJ ក្រៅប្រទេស ស្តីពី «បេសកកម្មរបស់វិស័យធានារ៉ាប់រងទូទៅ ដើម្បីសុខុមាលភាពមនុស្សគ្រប់រូប» និងបានអញ្ជើញវាគ្មិនដែលមានចំណេះជំនាញខ្ពស់ និងមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រង មកបង្ហាញ និងចែករំលែកចំណេះដឹងដ៏មានតម្លៃ ហើយសង្ឃឹមជឿជាក់ថាសិក្ខាសាលានេះនឹងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញធានារ៉ាប់រង ដែលអាចរួមចំណែកជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រង និង សេដ្ឋកិច្ចជាតិ។​

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់កម្ពុជា បានលើកឡើងថា ថ្វីត្បិតតែទីផ្សារធានារ៉ាប់រងនៅកម្ពុជានៅមានទំហំតូច​ ក៏ប៉ុន្តែទីផ្សារធានារ៉ាប់រងនៅកម្ពុជាក៏បានរួមចំណែកបំពេញបេសកម្មរបស់ខ្លួនក្នុងការសម្រាលហិរញ្ញវត្ថុជូនប្រជាពលរដ្ឋក៏ដូចជាធុរកិច្ចនានា​ដែលបានជួបប្រទះនៅហានិភ័យនាពេលកន្លងមក។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ បានទូទាត់សំណងសរុបប្រមាណ៦៣លានដុល្លារ មានការកើនឡើងប្រមាណ៣២% បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះទំហំទឹកប្រាក់នៃទីផ្សារធានារ៉ាប់រងទូទៅមានរហូតដល់៤៦លានដុល្លារ ដែលមានការកើនឡើងប្រមាណជិត៤៥% បើធៀបទៅនឹងឆ្នាំ២០២២។ ៩០%នៃសំណងទូទៅនេះ សម្រាប់សងទៅលើហានិភ័យនៅក្នុងប្រភេទធានារ៉ាប់រង៣ក្រុមគឺសំណងធានារ៉ាប់សុខភាពដែលមានប្រមាណ៤៧% ធានារ៉ាប់រងលើអគ្គិភ័យ មានប្រមាណ២២% និងធានារ៉ាប់រងយានយន្តប្រមាណ២០%​៕