(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលប្រជុំជាន់ទី១សាលាខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរ ក្រុងស្រុកទាំង៧ ទូទាំងខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន និងចាត់វិធានការបិទជាបន្ទាន់ ក្នុងករណីមានបន្តបើកថ្មីៗទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោយទទួលបានប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញការផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានក្រុមធ្វើអាជីវកម្មឆ្នោតផ្សងសំណាង ឬឡូតូ ចំនួន០៧ក្រុមហ៊ុន មានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងដែលហួសសុពលភាព មានចំនួន០៤ក្រុមហ៊ុន និងនៅមានសុពលភាព ចំនួន០៣ក្រុមហ៊ុន លើ២៦៨ទីតាំងទូទាំងខេត្ត រួមមាន៖
១-ក្រុមហ៊ុន សៀង ហៃរីហ្សត ខូអិលធីឌី ឡូតូ ឯ.ក
២-ក្រុមហ៊ុន លាភមហាសម្បត្តិឡូតូ ឯ.ក
៣-ក្រុមហ៊ុន អេស៊ាន វែលហ្វែ ឡូតធើរី ឯ.ក។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រុមហ៊ុនដែលហួសសុពលភាព គឺមិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្មបន្តទៀតទេ។ ក្នុងករណីបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធរខេត្តពោធិ៍សាត់ និងធ្វើការបង្ក្រាបជាបន្ទាន់។ ចំពោះទីតាំងដែលមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហើយស្នើសុំលិខិតអនុញ្ញាតមកខេត្ត គឺមិនអនុញ្ញាតឲ្យមាននោះទេ រងចាំគោលការណ៍ថ្មី ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ពៅ ពិសិដ្ឋ បានបន្តទៀតថា តាមជុំវិញផ្សារ សាលារៀន គឺមិនឲ្យមានដាច់ខាត ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ គឺត្រូវតែបង្រ្កាបភ្លាមតែម្តង។ គ្រប់សមត្ថកិច្ចជំនាញ ត្រូវចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ឲ្យបានទាន់សភាពការណ៍ ក្នុងករណីទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាព និងទីតាំងដែលមានអាជ្ញាប័ណ្ណcopy ត្រូវបិទជាបន្ទាន់។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕