(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គេមិនអាចទប់ស្កាត់ការវិវឌ្ឍនៃបច្ចេកវិទ្យានោះឡើយ គឺត្រូវឱបក្រសោប ហើយប្រើវាជាប្រយោជន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «វាជាផ្នែកមួយនៃជីវិតរបស់យើងហើយ យើងមិនអាចបដិសេធឌីជីថលបានទេ យើងមិនអាចហាមឃាត់ប្រទេសយើងអភិវឌ្ឍ Internet យកប្រព័ន្ធ 4G 5G នោះទេ។ ខ្ញុំចាំថា ពេលដំបូងដូច 3G ចូលមក កាលនោះមានមតិមួយចំនួនថា មិនចង់ឲ្យ 3G ចូល មិនចង់ឲ្យមានបង្ហោះវីដេអូអ្វីទេ តែយើងមិនអាចទប់ស្កាត់បានទេ ព្រោះកាលហ្នឹងខ្លាចគេបង្ហោះវីដេអូទៅ វាប៉ះពាល់រឿងវប្បធម៌ រឿងអ្វី តែយើងមិនអាចហាមឃាត់ឌីជីថលទេ យើងត្រូវឱបក្រសោបវា ប្រើវាជាប្រយោជន៍របស់យើង។

សម្តេចបានបន្តថា ការប្រើបច្ចេកវិទ្យាជាប្រយោជន៍នេះដែរ រាជរដ្ឋាភិបាល ត្រូវដើរតួនាទីសំខាន់ ជាគម្រូ ព្រោះបើរាជរដ្ឋាភិបាល បើមន្ត្រីរាជរដ្ឋាភិបាល អត់ធ្វើបរិវត្តកម្មឌីជីថលទេ ប្រជាពលរដ្ឋមិនដឹងប្រើឌីជីថល យ៉ាងដូចម្តេចឡើយ។

សម្តេចធិបតី បានលើកឧទាហរណ៍ថា «បើក្រសួងអប់រំ អត់មានផែនការបរិវត្តកម្មទេ តើឲ្យសាលាបំពាក់ប្រព័ន្ធអប់រំតាមបែបឌីជីថលយ៉ាងម៉េច។ អីចឹង ត្រូវមានការណែនាំ ដឹកនាំ​ ហើយប្រើតែម្តង»

សូមជម្រាបថា «បរិវត្តកម្មឌីជីថល (Digital Transformation)» សម្តៅលើដំណើរការនៃការផ្លាស់ប្តូរអភិបាលកិច្ច ធុរកិច្ច និងដំណើរការការងារ តាមរយៈឌីជីថលនីយកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងស្ថាប័ន សេដ្ឋកិច្ច និងសង្គម។ នេះបើតាមការដកស្រង់ប្រភព ចេញពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕