(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តល់នូវទស្សនៈចំនួន៥ចំណុច ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសការកសាងធនធានមនុស្សដែលមានជំនាញឌីជីថល ទាំងពេលបច្ចុប្បន្ន និងអនាគត។

​ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ​សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងសមត្ថភាពមន្រ្តីលើជំនាញឌីជីថល កសាងមូលធនមនុស្សដែលមានជំនាញឌីជីថល បន្តលើកកម្ពស់អក្ខរកម្មឌីជីថលក្នុងចំណោមប្រជាពលរដ្ឋទៅទូ និងរៀបចំកម្មវិធីសិក្សាការបណ្តុះបណ្តាលដែលមានបញ្ចូលជំនាញឌីជីថលជាមូលដ្ឋាន ក៏ដូចជាកម្មវិធីសិក្សាបណ្តុះបណ្តាលជំនាញឌីជីថលផ្សេងៗ។ ដូច្នេះហើយ ​ការបណ្តុះបណ្តាលធនធានមនុស្សរបស់​កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងបច្ចុប្បន្ន និងទៅអនាគត គឺជាកិច្ចការសំខាន់។

សម្តេចបានលើកទឹកចិត្ត និងផ្តល់ទស្សនៈមួយចំនួនដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដូចតទៅ៖

ទី១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការ និងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍ការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ, សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើនភាពធន់ និងកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។

ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែក កសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្ស-និស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និង ការរៀនតាមប្រព័ន្ធឌីជីថលព្រមទាំងលើកកម្ពស់ស្វ័យសិក្សា របស់សិស្ស-និស្សិត ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាម សាលារៀន​ ជាពិសេស សាលារៀននៅទីជនបទ និងតំបន់ដាច់ស្រយាល ដើម្បីជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំង លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។

ទី៣. គ្រឹះស្ថានឧត្តមសិក្សាត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើពុទ្ធិ និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមនិន្នាការនៃ សេដ្ឋកិច្ច និង សង្គម, តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤។

ទី៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង និងគ្រឹះស្ថានឧត្តមសិក្សាដទៃទៀត ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ​ ការពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្ដុះបណ្ដាល, និង ការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ ជាមួយនឹងការផ្លាស់ប្តូរ និស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូ។

ទី៥. សាកលវិទ្យាល័យ ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែប វិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងអនុវត្តជាក់ស្ដែង ដើម្បីផ្ទេរចំណេះជាក់ស្តែង, ទាំងទ្រឹស្តី, ការអនុវត្ត និង ឧត្តមានុវត្ត ជូនដល់សិស្ស-និស្សិត​៕