(ភ្នំពេញ)៖ រដ្ឋសភានីតិកាលទី៧ ដែលមានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន បានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ហើយបានបិទបញ្ចប់សម័យប្រជុំលើកទី១ នីតិកាលទី៧ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិលើការបំពេញមុខងារទាំងបី របស់រដ្ឋសភារួមមាន៖ មុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង។
ពេលនេះគឺសម័យកាលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលជាពេលវេលាមួយសម្រាប់សមាជិកសមាជិការដ្ឋសភា បំពេញមុខងារតាមដានការអនុវត្តច្បាប់។
ចំពោះមុខងារតាមដានការអនុវត្តច្បាប់ ក្នុងរយៈពេល៦ខែមកនេះ គណៈកម្មការនានានៃរដ្ឋសភា បានអញ្ជើញសមាជិករាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា និងអង្គភាព ឱ្យមកប្រជុំពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ជាមួយគ្នានេះ រដ្ឋសភានឹងបន្តអញ្ជើញសមាជិកនៃរាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា ចំណុះរាជរដ្ឋាភិបាលមកជួបពិភាក្សាការងារ ជាការចូលរួមគាំទ្រដល់ផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ៕