(កំពង់ចាម)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលការងារនៅមណ្ឌលសុខភាពស្ពឺ មណ្ឌលសុខភាពស្វាយទាប មន្ទីរពេទ្យបង្អែកចំការលើ និងមន្ទីរពេទ្យខេត្តកំពង់ចាម។

ក្នុងឱកាសនោះចុះពិនិត្យមើលការងារសុខាភិបាលខេត្ដកំពង់ចាម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុកអ្នកជំងឺ ដែលមកទទួលសេវាពិគ្រោះ និងកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ដផងដែរ។

បន្ទាប់ពីចុះពិនិត្យការងារ និងសួរសុខទុក្ខអ្នកជំងឺ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក សុខាភិបាល ដែលមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវគន្លឹះសំខាន់ៗ ដែលផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាព សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ។

ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានផ្ដល់សារគន្លឹះចំនួន ៩ បន្ថែមទៀតរួមមាន៖

១៖ ការរកវិធីសាស្រ្ដអភិវឌ្ឍចំណេះជំនាញឱ្យប្រសើរឡើង

២៖ ធ្វើយ៉ាងមិចរកចម្លើយ ឬដំណោះស្រាយឱ្យបានត្រឹមត្រូវ

៣៖ រៀនពីកិច្ចការងាររបស់យើង និងរៀនវាយតម្លៃកិច្ចការរបស់ខ្លួន បានបែបណាដើម្បីឱ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ

៤៖ ត្រូវកសាងភាពរឹងមាំ និងរិះរកអ្វីដែលថ្មី ដើម្បីអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន

៥៖ ពិនិត្យឡើងវិញពីការចំណាយពេលវេលាលើការងាររបស់ខ្លួនឯង

៦៖ ការធ្វើការសម្រចចិត្ដឱ្យត្រូវ

៧៖ ដឹងខុសចេះកែខ្លួន កុំធ្វើដោយបំពាន

៨៖ កុំជឿទៅលើអ្វីដែលខ្លួនឯងពន្យល់មិនបាន ឬជឿអត់ហេតុអត់ផល

៩៖ ដើម្បីថ្ងៃស្អែកល្អ ទាល់តែយើងយល់ពីថ្ងៃកន្លងទៅ ដើម្បីរកគន្លឹះ ឬចំណុចដែលខ្វះខាត។

សូមជម្រាបថា ដំណើរចុះមកពិនិត្យការងារផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅខេត្ដកំពង់ចាម បានធ្វើឡើងបន្ទាប់ពីលោកសាស្ត្រារដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្ដសៀបរាប កាលពីព្រឹកមិញនេះ៕