(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រាប់បណ្តាញព័ត៌មាន Fresh News ពីលទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន១១គោលដៅ នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

លទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន១១គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន៨៧៨គ្រឿង ម៉ូតូ និងPassapp ចំនួន២១៧គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម ៖
*ទី១៖ ធ្វើតេស្ដជាតិអាកុល រកឃើញវិជ្ជមាន៣នាក់
*ទី២៖ ធ្វើតេស្តរកសារធាតុញៀនចំនួន៥៤នាក់ រកឃេីញវិជ្ជមាន៧នាក់ (អប់រំណែនាំ បញ្ជូនទៅមណ្ឌលកែប្រែ)។

*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន៤០៥គ្រឿង (អាវុធឆ្លងកាត់១ដើម ម៉ាកK59 មានលិខិតបញ្ជាបេសសកម្មត្រឹមត្រូវ)។
*ទី៤៖ ឃាត់ខ្លួនបាន២នាក់ (ខ្មែរ) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។
*ទី៥៖ ឃាត់រក្សាទុកម៉ូតូ ៣គ្រឿងពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន។
*ទី៦៖ អប់រំអ្នកបើកបរម៉ូតូ៨នាក់ បំពាក់ភ្លើងហ្វាខុសបច្ចេកទេស។
*ទី៧៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន៨៥នាក់ និងអ្នកបើកបររថយន្តហួសសុពលភាព២នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៨៖ អប់រំអ្នកបើកបរម៉ូតូ២នាក់ និងអ្នកបើកបររថយន្ត៣នាក់ ល្មើសភ្លើង និងស្លាកសញ្ញាចរាចរណ៍។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕