(ភ្នំពេញ)៖ លោក ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រដ៏មានគុណប្រយោជន៍របស់កម្ពុជា។
ចំណាប់អារម្មណ៍របស់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីលើគម្រោងព្រែកជីករបស់កម្ពុជានេះ បានស្តែងឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ Fresh News ថា លោកឯកអគ្គរដ្ឋទូត បានសាកសួរព័ត៌មានមួយចំនួនលើគម្រោងព្រែកជីកនេះ ដូចជាការសិក្សាពីបរិស្ថាន និងបញ្ហាផ្លូវច្បាប់។ តបនឹងសំណួរនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ច្បាស់ពីការសិក្សាលំអិតលើផលប៉ះពាល់នានា ព្រមទាំងលើកបង្ហាញទិដ្ឋភាពច្បាប់ផងដែរ។
ក្នុងជំនួបនេះក្រៅពីបង្ហាញការចាប់អារម្មណ៍លើគម្រោងព្រែកជីកដ៏ធំដំបូងនៅកម្ពុជាហើយនោះ លោក ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបានកាន់តែប្រសើរ។
ក្នុងឱកាសនៃជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគិន។ ក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគជិត ៥ពាន់លានដុល្លារអាមេរិក មានការកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ពាន់លានដុល្លារអាមេរិក។
សម្រាប់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគ ៣២គម្រោង។ បើធៀបនឹងខែមករា ឆ្នាំ២០២៣ មានចំនួនច្រើនជាង២ដង។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការរំពឹងថា គម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាល បានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាត ឱ្យបាន៧០ភាគរយនៃថាមពលសរុបត្រឹមឆ្នាំ២០៣០៕