(កំពង់ធំ)៖ លោក​ សុខ​ សូកេន​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ​ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់ឱ្យក្រុមការងារនាំយកជំនួយបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋទាំង៧គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការជួយយកអាសាពលរដ្ឋរងគ្រោះខាងលើនេះ គឺក្រោយពីទទួលបានព័ត៍មានពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៧ខ្នង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍នោះ។

ការប្រគល់អំណោយជំនួយនេះដែរ គឺក្នុងមួយគ្រួសារទទួលបានថវិកាចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន៖ អង្ករ៥០គីឡូ មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ទឹកបរិសុទ្ធ២កេស ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារដែលបានបាត់បង់ជម្រកដោយសារអគ្គិភ័យនោះ៕