Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន៖ ព្យុះទីហ្វុង Lionrock កំពុងបង្កការបាក់ដីនៅ​ភាគខាងជើង និងបង្ខំឲ្យមនុស្ស ៤១ម៉ឺននាក់ភៀសចេញពីលំនៅឋាន

30-08-2016 22:21

(តូក្យូ)៖ ព្យុះទីហ្វុងកំណាច  Lionrock បានវាយប្រហារភាគខាងជើងឈៀងខាងកើតប្រទេស ជប៉ុន នៅល្ងាចថ្ងៃអង្គារនេះ និងបានបណ្តាលឲ្យកើតមានការបាក់ដី ហើយអាជ្ញាធរបានធ្វើការ ជម្លៀសប្រជាជន ៤១០,០០០នាក់ ចេញពីតំបន់ Tohoku ទៅរកទីកន្លែងណាដែលមាន សុវត្ថិភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦។

Lionrock គឺជាព្យុះទី១០ហើយ ដែលបានវាយប្រហារមកលើប្រទេសជប៉ុន នៅក្នុងរដូវព្យុះ ភ្លៀងចូលមកដល់ក្នុងឆ្នាំ ២០១៦ នេះ ហើយវាបានបោកសង្គ្រប់ខ្លាំង នៅវេលាម៉ោង ៧៖០០នាទីយប់ម៉ោងនៅទីក្រុងតូក្យូ ក្នុងល្បឿនប្រមាណជា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះទៀតគឺជើងហោះហើរប្រមាណ ១០០ជើងត្រូវបានលុបចោលនៅព្រលានយន្តហោះ Tohoku ខណៈផ្ទះរបស់ប្រជាជន ៣៥,០០០ខ្នង បានដាច់ចរន្តអគ្គិសនី។

គួរបញ្ជាក់ថា នេះជាព្យុះកំណាចលើកដំបូងហើយ គិតចាប់ពីឆ្នាំ ១៩៥១ ដែលបានមកបញ្ចប់ ឥទ្ធិពលរបស់វាលើដែនដីជប៉ុន ហើយលើកនេះវាបានបង្កជាភ្លៀងធ្លាក់ ២៥០ មីលីម៉ែត្រ ដែលនឹងអូសបន្លាយរហូតដល់ល្ងាចថ្ងៃពុធស្អែកនេះផងដែរ។ មិនទាន់មានរបាយការណ៍ ណាមួយថាមានមនុស្សបាត់ខ្លួន ឬក៏រងគ្រោះថ្នាក់អ្វីផ្សេងនោះឡើយ ខណៈអាជ្ញាធរក្នុងតំបន់ បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕