(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ។

គណបក្សនយោបាយដែលធ្វើសកម្មភាពឃោសនាបោះឆ្នោត មានជាអាទិ៍៖

- គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការជួបប្រជុំអ្នកបោះឆ្នោតនៅស្រុកស្ទោង ខេត្តកំពង់ធំ និងបានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត។
- គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ។
- គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅគ្រប់រាជធានី ខេត្ត។
- គណបក្ស កម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ។

ជារួម ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤  នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល ដោយការិយាល័យបោះឆ្នោត មានចំនួន ៣៣ ការិយាល័យចំណុះឱ្យភូមិភាគទាំង៨ នៅទូទាំងប្រទេស។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត សរុបចំនួន ១១,៧៤៧ នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕