(មណ្ឌលគិរី)៖ លោក​ យឺន​ ហុងឆាត់​ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ ក្នុងពេលបើកវគ្គបណ្តុះបណ្តាលថា កម្មវិធិជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីមួយមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី។ រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងបន្តការគាំពារដល់គ្រួសារដែលមានបណ្ណសមធម៌ បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវសមាហរណកម្មកម្មវិធីជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមាន៖

១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

២៖ កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា

៣៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព

៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពី៦0ឆ្នាំឡើងទៅ។

លោកបានបន្តថា បន្ថែមលើកម្មវិធីចំនួន ៤ ខាងលើនេះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភជនផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់បុគ្គលក្នុងវដ្តជីវិត ហើយផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា ដើម្បីត្រៀមក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលនឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ មូលនិធិជាតិជំនួយសង្គមមានផែនការច្បាស់លាស់ ដែលខណៈនេះ គឺជាជំហាននៃការបណ្តុះបណ្តាលតួអង្គសម្របសម្រួល និងតួអង្គប្រតិបត្តិករនៅថ្នាក់មូលដ្ឋាន ក្នុងក្របខណ្ឌទូទាំងប្រទេស ហើយវគ្គបណ្តុះបណ្តាលនេះ មានសមាសភាពដែលត្រូវក្លាយជាគ្រូបង្គោល មកពីរាជធានី ខេត្តចំនួន៩ រួមមាន កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង កណ្តាល និងភ្នំពេញ។

គិតមកដល់ពេលនេះ គឺបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោលសរុប ១៧ រាជធានី ខេត្ត នៅសល់ ៨ខេត្តទៀត គឺនឹងត្រូវទទួលការបណ្តុះបណ្តាលនៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤។ គ្រូបង្គោលទាំងអស់ នឹងត្រូវបន្តបណ្តុះបណ្តាលដល់មូលដ្ឋានឃុំ សង្តាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងក្របខណ្ឌរាជធានី ខេត្តនីមួយៗ នៅចន្លោះថ្ងៃទី៤ ដល់២២ ខែមីនា ឆ្នាំ២០២៤៕