(ញូវឌេលី, ឥណ្ឌា)៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងប្រទេសឥណ្ឌា ដូចជា Asian News International (ANI), Russian News Agency TASS  និង the Press Trust of India។

នៅក្នុងឱកាសនោះ ក្រៅពីឆ្លើយតបសំណួរពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងពិភពលោកហើយនោះ អគ្គលេខាធិការអាស៊ាន ក៏បានចំណាយពេលជម្រាបជូនប្រព័ន្ធផ្សព្វផ្សាយអំពីការវិវត្តន៍ចុងក្រោយ នៅក្នុងអាស៊ាន និងនៅក្នុងទំនាក់ទំនងអាស៊ាន-ឥណ្ឌាផងដែរ។

នៅព្រឹកថ្ងៃពុធដដែល អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលមូលនិធិឥណ្ឌា លោក Shekhar Sinha បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ សូមជម្រាបថា មូលនិធិឥណ្ឌាគឺជាមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យមួយ ដែលផ្តោតលើកាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងសង្គមឥណ្ឌា។

បន្ទាប់មកលោកបណ្ឌិត កៅ គឺមហួន បានជួបពិភាក្សាការងារជាមួយលោក Arjun Munda រដ្ឋមន្ត្រីកសិកម្ម និងសុខុមាលភាពកសិករឥណ្ឌា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា លើវិស័យកសិកម្ម រួមទាំងការអនុវត្តកសិកម្មប្រកបដោយចីរភាព ការលើកកម្ពស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យកសិកម្មជាដើម។

ដោយឡែកនៅរសៀលថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Dharmendra Pradhan រដ្ឋមន្ត្រីអប់រំ ការអភិវឌ្ឍជំនាញ និងសហគ្រិនភាពរបស់ឥណ្ឌា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំង កម្មវិធីអាហារូបករណ៍ដែលមានស្រាប់សម្រាប់សមាជិកអាស៊ាន បន្តការសិក្សានៅ សាកលវិទ្យាល័យ Nalanda ក៏ដូចជា ការស្រាវជ្រាវ ការកសាងសមត្ថភាព និងការផ្លាស់ប្តូររវាងគណៈសាស្ត្រាចារ្យ នៃប្រទេសសមាជិកអាស៊ាន និងឥណ្ឌា។

ភាគីទាំងពីរក៏បានស្វែងរកលទ្ធភាពក្នុងការបង្កើតកម្មវិធីអាហារូបករណ៍អាស៊ាន-ឥណ្ឌា ដើម្បីពង្រីកគំនិតផ្តួចផ្តើមអាហារូបករណ៍ដែលមានស្រាប់ ផងដែរ៕