(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើង និងបានលើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់ សូមកុំបាក់ទឹកចិត្ត ហើយសង្ឃឹមថា ស្ថានការនឹងល្អប្រសើរឡើងវិញសម្រាប់គ្រប់គ្នា។ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗគ្នា ព្រោះខែនេះមានខ្យល់ខ្លាំង ជាហេតុបណ្ដាលឲ្យមានអគ្គីភ័យកើតឡើងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៧ខ្នង នៅភូមិ ឃុំ ខាងលើ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។ ផ្ទះដែលរងការខូចខាតដោយសារអគ្គីភ័យខាងលើមានដូចជា ផ្ទះអ្នកស្រី កូប ជះ ទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ, ផ្ទះលោក សេន កទៀត ទំហំ៩ម៉ែត្រ គុណ៧ម៉ែត្រ, ផ្ទះលោក ឡេះ សល់ ទំហំ៩ម៉ែត្រ គុណ១២ម៉ែត្រ, ផ្ទះលោកស្រី តាំ សារ៉ស់ ទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ, ផ្ទះលោក យ៉ា អី ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ, ផ្ទះលោក សេន សា ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ និងផ្ទះលោក ស្លេះ ចាកហ្វើត ទំហំ១០ម៉ែត្រ គុណ៩ម៉ែត្រ។

អំណោយដែលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បាននាំផ្ដល់ជូនជនរងគ្រោះទាំង៧គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា៤០មុឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ៕