(ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នឹងមានក្រុមហ៊ុនធំៗចំនួន៤ ដោយផ្តល់ឱកាសការងារចំនួន១៤២ កន្លែង ដែលជាឱកាសល្អមួយសម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៤ ក្នុងនោះរួមមាន៖ មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន KM ក្រុមហ៊ុន VATTAK BREWERY និងហាងម៉ាស្ទ័រ ស៊ុគីស៊ុប។

កញ្ញា អ៊ឹន ម៉ីស៊ាំង បុគ្គលិកផ្នែកធនធានមនុស្ស មីក្រូហិរញ្ញវត្ថុ JACCS ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ក្នុងការជួយដល់ស្ថាប័នយើង ក្នុងការជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA យើងតែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ។ កញ្ញាបន្ថែមទៀតថាទីតាំង NEA គឺជាកន្លែងជួបគ្នារវាង អ្នកស្វែងរកការងារធ្វើ និងភាគីនិយោជក ដែលមានការសម្រប់សម្រួលពីមន្ត្រីបម្រើការងារនៅ NEA។

កញ្ញាបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ កញ្ញាក៏សូមថ្លែងអំណរគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ស្ថាប័នផ្សេងៗ ពិសេសខាងស្ថាប័ន JACCS ក្នុងការជ្រើសរើសបុគ្គលិក។ កញ្ញាបានអំពាវនាវចំពោះយុវជន ដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារសូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន។

សម្រាបព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕