(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត Stefan Heck ប្រធានគណបក្ស CDU Marburg-Biedenkopf អម ដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរ សម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីអាល្លឺម៉ង់បានថ្លែងការកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយទស្សនកិច្ចរបស់គណៈប្រតិភូអាល្លឺម៉ង់នាឱកាសនេះ ដើម្បីពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-អាល្លឺម៉ង់។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនសមាជិកសភាអាល្លឺម៉ង់អំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនអត្រារំពឹងរស់ ការថយចុះនៃអត្រាភាពក្រីក្រតាមរយៈលទ្ធភាពក្នុងការទទួលបានការសិក្សាអប់រំ ទឹកស្អាត អគ្គិសនី សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធសង្គម ព្រមទាំងភាពប្រសើរឡើងនៃស្ថានភាពរស់របស់ពលរដ្ឋ។ ក្នុងនោះរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
លោកបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានតួនាទីជាអ្នកទាក់ទាញវិនិយោគិនចូលមកវិនិយោគនៅកម្ពុជា សម្របសម្រួលកិច្ចការងារវិនិយោគតាមរយៈច្បាប់វិនិយោគ ដែលមានភាពបើកចំហរទទួលគ្រប់វិនិយោគិន ក៏ដូចជាសហការជាមួយក្រុមការងារចំនួន១៥ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងចូលរួមដោះដ្រាយបញ្ហា និងកង្វល់នានារបស់វិនិយោគិនផងដែរ។ ក្រៅពីនេះដើម្បីគាំទ្រដល់កិច្ចការវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន និងភស្ដុភារកម្ម។
ឆ្លៀតក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា កម្ពុជា និងអាល្លឺម៉ង់ នឹងសហការរួមគ្នាទាក់ទាញវិនិយោគិនពីប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាបន្ថែមទៀត៕