(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូក្រុមការងារបច្ចេកទេសជប៉ុន នៃមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យគ្រោះមហន្តរាយអាស៊ី (ADRC) ដឹកនាំដោយលោក មីតសូស៊ូកា ណូតិ (NAOKI) វិស្វករជាន់ខ្ពស់ នៃក្រុមហ៊ុន Asia Air Survey, Co.Ltd (AAS) លោក សូស៊ូគ៌ ម៉ាសាហ៊ីកូ (SUZUKI MASAHIKO) វិស្វករ នៃក្រុមហ៊ុន Asia Air Survey, Co.Ltd (AAS) លោក ជេរ៉ាល ម៉ូតូអាន (GERALD POTUAN) អ្នកស្រាវជ្រាវ បានអញ្ជើញមកបំពេញទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ.

ក្រុមការងារអ្នកជំនាញការជនជាតិជប៉ុនទាំងបី នៃមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យគ្រោះមហន្តរាយអាស៊ី (ADRC) និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា ដែលបានជួយគាំទ្រដល់ ខេត្តព្រះសីហនុ ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ ជំនួបពិភាក្សានេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តចាស់។

លោកអភិបាលរងខេត្ត បានគាំទ្រចំពោះគម្រោងរៀបចំវគ្គបណ្តុះបណ្តាល អំពីប្រព័ន្ធផ្កាយរណប ខ្វាសៃ ហ្សឺណិត (Quasi Zenith (QZSS)) ដល់មន្ត្រីជំនាញ និងសមាជិកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចពិភាក្សា លោក អ៉ី សុខឡេង បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់រួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច និងប្រជាជន ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។

ជាមួយការអភិវឌ្ឍរីកចម្រើននេះដែរ ក៏មានការចូលរួមអភិវឌ្ឍន៍របស់គម្រោងធំៗ ដោយមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន កម្មវិធីកិច្ច សហប្រតិបត្តិការជប៉ុន (JICA) ក្រោមជំនួយ ODA បានគាំទ្រដល់ការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ជាជំហានៗ ដែលធ្វើឲ្យ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងទទួលនាវាខ្នាតធំ និងអាចប្រកួតប្រជែងជាមួយដៃគូកំពង់ផែនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី។

បច្ចុប្បន្នយោងតាមស្ថានភាព នៃការប្រែប្រួលអាកាសធាតុ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដែលនឹងអាចកើតមានឡើងជាយថាហេតុ រួមមាន ខ្យល់កន្ត្រាក់គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម អាចនឹងធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ លំនៅឋាន អាយុជីវិត មនុស្ស សត្វ និងប៉ះពាល់ដល់កត្តាជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ មានសេចក្តីសោមនស្សរីករាយ ដែលគណៈប្រតិភូមានមតិ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការគ្រប់គ្រងគ្រោះមហន្តរាយ នៅប្រទេសជប៉ុន ដែលជាប្រទេសមួយមានជំនាញ ចំណេះដឹង និងបទពិសោធន៍ខ្លាំងជាងគេ លើពិភពលោក។ ខេត្តព្រះសីហនុ ជាគោលដៅដំបូងគេ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ និងរៀបចំវគ្គបណ្តុះបណ្ដាលអំពីប្រព័ន្ធ ផ្កាយរណប Quasi Zenith (QZSS) រយៈពេលពីរថ្ងៃនេះ។

គណៈប្រតិភូនៃប្រទេសជប៉ុន ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ដែលដឹកនាំឲ្យមានការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យ ហើយគោលបំណងគណៈប្រតិភូ នៃប្រទេសជប៉ុននាពេលនេះ គឺបណ្ដុះបណ្ដាលអំពីហានិភ័យគ្រោះមហន្តរាយ ដែលកើតឡើងជាយថាហេតុព្រោះប្រទេសជប៉ុន ធ្លាប់មានបទពិសោធន៍ និងបច្ចេកទេសព្រោះធ្លាប់ឆ្លងកាត់នៅគ្រោះមហន្តរាយជាញឹកញាប់។

ដូចនេះហើយទើប គម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ និងរៀបចំវគ្គបណ្តុះបណ្ដាលអំពីប្រព័ន្ធ ផ្កាយរណប Quasi Zenith (QZSS)នៅខេត្តព្រះសីហនុ ដើម្បីមានបទពិសោធន៍ និងបញ្ចៀសបានរាល់គ្រោះមន្តរាយកើតឡើងជាយថាហេតុយើងមានវិធីដោះស្រាយបានទាន់ពេលវេលា៕