(ភ្នំពេញ)៖ យោងតាមប្រកាសស្តីពី «ចន្លោះសុវត្ថិភាពក្នុងការបើកបរយានយន្ត» ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែងថា ការរក្សាចន្លោះសុវត្ថិភាពអប្បបរមា ក្នុងការបើកបរពីក្រោយ រវាងយានយន្តមួយទៅយានយន្តមួយទៀត គឺអាស្រ័យទៅលើល្បឿនបើកបរ និងប្រវែងបណ្តោយយានយន្ត។

ការរក្សាចន្លោះសុវត្ថិភាពបែបនេះ គឺតម្រូវឱ្យអ្នកបើកបរយានយន្តអនុវត្ត ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការប៉ះទង្គិច ឬបុកពីក្រោយ រវាងយានយន្តដែលបើកបរតាមទិសតែមួយ និងសំដៅធានាសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀត នៅពេលយានយន្តខាងមុខជាន់ ឬចាប់ហ្វាំងបន្ថយល្បឿន ឬឈប់បន្ទាន់។

* ចំពោះការគណនាប្រវែងបណ្តោយយានយន្ត ជាទូទៅគឺគិតប្រវែង ៣ម៉ែត្រ ក្នុងមួយវិនាទី។ បើយានយន្ត មានប្រវែងបណ្តោយ៖

- មិនលើសពី ៣ម៉ែត្រ គឺ ១វិនាទី លើកលែងតែទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សេសេ បើកបរលើផ្លូវល្បឿនលឿន ត្រូវកំណត់២វិនាទី
- លើសពី ៣ម៉ែត្រទៅ ៦ម៉ែត្រ គឺ ២វិនាទី។ ក្នុងករណីមានសណ្តោងរ៉ឺម៉ក ឬយានផ្សេងទៀត ត្រូវគិតបន្ថែមប្រវែងបណ្តោយរ៉ឺម៉ក ឬយាន ៣ម៉ែត្រក្នុង១វិនាទី
- លើសពី ៦ម៉ែត្រទៅ ៩ម៉ែត្រ គឺ ៣វិនាទី
- លើសពី ៩ម៉ែត្រទៅ ១២ម៉ែត្រ គឺ ៤វិនាទី
- រថយន្តសណ្តោងសឺមីរ៉ឺម៉ក គឺ ៥វិនាទី
- រថយន្តសណ្តោងរ៉ឺម៉ក គឺ ៦វិនាទី។

* ប្រវែងបណ្តោយយានយន្តនីមួយៗខាងលើនេះ គឺដូចមានបង្ហាញក្នុងរូបភាពនៃឧបសម្ព័ន្ធ។ ចំណែកការគណនាចម្ងាយក្នុង១វិនាទី មានដូចខាងក្រោម៖
- បើល្បឿន ៣០គម/ម៉ = ៣០.០០០ម / ៣.៦០០វិនាទី = ៨,៣៣ម
- បើល្បឿន ៤០គម/ម៉ = ៤០.០០០ម / ៣.៦០០វិនាទី = ១១,១១ម
- បើល្បឿន ៥០គម/ម៉ ៥០.០០០ម /៣.៦០០វិនាទី = ១៣,៨៩ម
- បើល្បឿន ៦០គម/ម៉ ៦០.០០០ម /៣.៦០០វិនាទី = ១៦,៦៧ម
- បើល្បឿន ៧០គម/ម៉ = ៧០.០០០ម / ៣.៦០០វិនាទី = ១៩,៤៤ម
- បើល្បឿន ៨០គម/ម៉ ៨០.០០០ /៣.៦០០វិនាទី = ២២,២២ម
- បើល្បឿន ៩០គម/ម៉ ៩០.០០០ម /៣.៦០០វិនាទី = ២៥,០០ម
- បើល្បឿន ១០០គម/ម៉ - ១០០.០០០ម / ៣.៦០០វិនាទី - ២៨,៧៨ម

ដើម្បីងាយស្រួលក្នុងការគណនាចម្ងាយក្នុង១វិនាទីត្រូវយក ល្បឿន/១០x៣ (៣គឺជាកត្តាមេគុណ)៖
- បើល្បឿន ៣០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី (៣០/១០ × ៣ = ៣ x ៣ = ៩ម)
- បើល្បឿន ៤០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៤០/១០ × ៣ = ៤ x ៣ = ១២ម)
- បើល្បឿន ៥០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៥០/១០ × ៣ = ៥ x ៣ = ១៥ម )
- បើល្បឿន ៦០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៦០/១០ × ៣ = ៦ x ៣ = ១៨ម)
- បើល្បឿន ៧០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៧០/១០ × ៣ = ៧ x ៣ = ២១ម)
- បើល្បឿន ៨០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៨០/១០ × ៣ = ៨ x ៣ = ២៤ម)
- បើល្បឿន ៩០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៩០/១០ × ៣ = ៩ x ៣ = ២៧ម)
- បើល្បឿន ១០០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (១០០/១០ × ៣ = 90 x ៣ = ៣០ម)

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរគ្រប់រូបបានស្វែងយល់បន្ថែមអំពី ការរក្សាចន្លោះសុវត្ថិភាពអប្បបរមា នេះ។ ការបើកបរដោយគោរពច្បាប់ចរាចរណ៍ ការបើកបរប្រកបដោយការទទួលខុសត្រូវ និងមានការយោគយល់អធ្យាស្រ័យគ្នា គឺពិតជាធានាបាននូវសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ និងទប់ស្កាត់ ការបង្កគ្រោះថ្នាក់បានមួយកម្រិតធំ៕