(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងយុវជន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្រ្គោះអាយុជីវិតអ្នកជំងឺក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នៅវត្តគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ និងប្ងូនៗជាយុវជននៃស្រុកគូលែនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងបានចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ ការងារសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេសការចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺនាពេលនេះ។
លោកស្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងយុវជនយើងឱ្យជំរុញ និងគាំទ្រ សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបន្តនិរន្តរភាពសកម្មភាពមនុស្សធម៍នេះគ្រប់ទីកន្លែង។

លោកស្រី ប៉ាង រ៉ាវី បានបញ្ជាក់ថា ការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នាឱកាសនេះ មិនត្រឹមតែផ្តល់ឈាមជូនមន្ទីរពេទ្យសម្រាប់សង្គ្រោះអាយុជីវិត អ្នកជំងឺនោះទេ វាថែមទាំងបានរក្សាទុកនូវទិន្នន័យអ្នកបរិច្ចាកឈាមទាំងអស់ ដើម្បីងាយស្រួលស្វែងរក នៅពេលដែលត្រូវការឈាមបន្តាន់ផងដែរ។

លោកស្រីថ្លែងបន្តថា ការងារចំពោះមុខលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយលោកបានចំណាយថវិកាផ្ទាល់ខ្លួន កសាងអគារផ្តល់ឈាម១កន្លែងនៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា។

លោកស្រីអភិបាលរងខេត្តព្រះវិហារ បានថ្លែងទៀតថា រដ្ឋបាលខេត្តព្រះវិហារ ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការ បានពង្រឹង និងពង្រីកគុណភាពសេវាសុខាភិបាលទៅដល់គ្រប់មូលដ្ឋាន ដោយក្នុងនោះនៅទូទាំងខេត្ត មានទីតាំងផ្តល់សេវាសុខាភិបាលចំនួន៤៨កន្លែង រួមមាន៖ មន្ទីរពេទ្យបង្អែក១កន្លែង មន្ទីរពេទ្យបង្អែកស្រុក១កន្លែង មណ្ដុលសុខភាព៣០កន្លែង និងប៉ុស្តិ៍សុខភាព១៦កន្លែង មានបុគ្គលិកបម្រើការងារនិងប្រចាំការ២៤/២៤ម៉ោង ចំនួនសរុប៥៣៩នាក់ផងដែរ៕