(ឧត្តរមានជ័យ)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកទ្វារទឹកអាងទឹកស្ទឹងស្រែងទី១ ស្ថិតក្នុងស្រុកចុងកាល់ តាមប្រឡាយមេខាងលិច ដើម្បីទៅស្រោចស្រពស្រូវប្រាំងចំនួន ៤,៧៥០ហិកតា ស្ថិតនៅឃុំណាំតៅ ឃុំភ្នំដី ឃុំស្រះជីក ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលកំពុងខ្វះខាតទឹក។
ជាមួយនឹងការបើកទ្វារទឹកអាងទឹកស្ទឹងស្រែងទី១នេះ, លោក ញឹន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ក៏បានសំណូមពរដល់ប្រជាកសិករដែលកំពុងដាំដុះដំណាំស្រូវប្រាំង នៅស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប សូមមេត្តាយកចិត្តទុកដាក់ប្រើប្រាស់ទឹកដែលទទួលបានពីខេត្តឧត្តរមានជ័យ ប្រើប្រាស់ឱ្យចំគោលដៅ និងប្រើដោយការសន្សំសំចៃ។
បើតាមលោក ញឹន កួន បានបញ្ជាក់ថា អាងទឹកដ៏មានសក្តានុពល នៅក្នុងខេត្តឧត្តរមានជ័យ គឺអាងទឹកស្ទឹងស្រែង១ និងអាងទឹកស្ទឹងស្រែង២ ស្ថិតនៅក្នុងស្រុកចុងកាល់ ដែលមានប្រភពទឹកមកពី ទំនប់០៥ ទំនប់តាម៉ុក ទំនប់ថ្មី និងផ្ទៃរងទឹកភ្លៀងរបស់វា។
លោកបានបន្ថែមថា អាងទឹកស្ទឹងស្រែង១ ត្រូវបានសាងសង់ និងអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១០ និងបញ្ចប់នៅក្នុងឆ្នាំ២០១៥ ដែលមានសមត្ថភាពអាចស្តុកទឹកបាន ១៥៣លានម៉ែត្រគូប។ ដោយឡែកអាងទឹកស្ទឹងស្រែង២ ត្រូវបានសាងសង់ និងអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ និងបញ្ចប់នៅក្នុងឆ្នាំ២០១៩ ដែលមានសមត្ថភាពស្តុកទឹកបាន ២៥៨លានម៉ែត្រគូប និងមានតួនាទីផ្គត់ផ្គង់ទឹកបន្ថែមឱ្យអាងទឹកស្ទឹងស្រែង១ ផងដែរ៕