(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិជូនលោកអនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជាវរសេនីយ៍ត្រី ដែលត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភារ នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ព្រមទាំងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ។
បន្ទាប់ពីទទួលសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ចរួច, លោកវរសេនីយ៍ត្រី សុខ ឡេង ក៏បានប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ជូន, ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់, ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាពផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយត្រី បោន ប៊ិន បានផ្ដាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់កនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។
លោកឧត្តមសេនីយ៍ត្រី បានដាក់ចេញបទបញ្ជាដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩ក្រុង-ស្រុក បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើស ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសង្កត់ធ្ងន់ៗដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ៕