(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូ នៅក្នុងខេត្តកំពង់ធំទាំងអស់ ចាប់ពីពេលនេះតទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំថ្ងៃនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ងួន រាសី បានបញ្ជាក់ថា៖ «នេះជាសេចក្តីជូនដំណឹងបន្ទាន់ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ ក្នុងខេត្តកំពង់ធំ ដែលគ្មានច្បាប់អនុញ្ញាតដោយទុករយៈពេល០៧ថ្ងៃ ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ»

លោកបានបញ្ជាក់ថា មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឱ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុន ឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត។

លោក ងួន រាសី បានបន្តថា នេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់ បានជ្រាបថា ដើម្បីកុំឱ្យមានបញ្ហាក្នុងការអនុវត្តន៍នីតិវិធីច្បាប់ក្រុមហ៊ុន ត្រូវមានច្បាប់អនុវត្ត ចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ នឹងត្រូវកសាងសុំណុំរឿង បញ្ជូនខ្លួនទៅតុលាការ។

គួរបញ្ជាក់ថា នៅខេត្តកំពង់ធំ មានទីតាំងល្បែងចំនួន៣៩១ តែមាន៣ទីតាំងប៉ុណ្ណោះ មានច្បាប់អនុញ្ញាតក្នុងនោះ ២ទីតាំងក្នុងក្រុងស្ទឹងសែន និង១ទីតាំងនៅស្រុកកំពង់ស្វាយ៕