(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញនោះ កម្លាំងនគរបាលទាំង១២ខណ្ឌ សហការជាមួយនគរបាលការិយាល័យជំនាញ និង​អាជ្ញា​ធរមូលដ្ឋាន បានបន្តយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជារៀងរាល់យប់តែម្តង ដូច្នេះបើបងប្អូនណាមិនទាន់ទទួលបានសេវាសាធារណ:ទាំងនេះ អាច​អញ្ជើញ​ទៅធ្វើបានតែម្តង ក្នុងមូលដ្ឋានរបស់ខ្លួន។

យុទ្ធនាការនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង៦ រហូតដល់ម៉ោង១០ ជារៀងរាល់យប់។

ជាក់ស្តែងនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះនគរបាលនិងអាជ្ញាធរខណ្ឌទាំង១២ បានបន្តយុទ្ធនាការចុះតាមមូលដ្ឋាន តាមផ្សារ និងតាមខ្នងផ្ទះដើម្បីធ្វើ និងចែកជូនអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់ សៀវភៅគ្រួសារជូនប្រជាពលរដ្ឋរបស់ខ្លួន។

សម្រាប់ខណ្ឌដូនពេញលោកអធិការ ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា នៅយប់នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងទទួលផែន ស្ថិតិ បានដឹកនាំកំលាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកយុទ្ឋនាការ ធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅចែកជូនប្រជាពលរដ្ឋ នៅពេលយប់ ក្នុងនោះមាន០៧សង្កាត់ សរុប ចំនួន៣០នាក់ ប្រុស១០ ។  ផ្តល់សៀវភៅស្នាក់នៅចំនួន ០៦គ្រួសារនៅសង្កាត់ផ្សារកណ្តាល១ ០១គ្រួសារ, ស្រះចកចំនួន០២គ្រួសារ នឹង វត្តភ្នំចំនួន០២គ្រួសារ និង ធ្វើអត្តសញ្ញាណបានចំនួន៣០នាក់ ប្រុស១០នាក់។

ជាទិសដៅបន្តទៀតលោកអធិការបាន បញ្ជាក់ថា បន្តការធ្វើសៀវភៅស្នាក់នៅ និង អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅពេលយប់ បន្តទៀត ដើម្បីសំរួលជូនប្រជាពលរដ្ឋ ដែលបានជាប់រវល់ នៅពេលថ្ងៃ។

សម្រាប់ខណ្ឌចំការមនវិញ លោក យិន សាន អធិការខណ្ឌ បានបញ្ជាក់ថា នៅយប់នេះរូបលោក​បានដឹកនាំអធិការរង មេប៉ុស្តិ៍ សហការជាមួយ ចៅសង្កាត់រង បានចុះចែកសៀវភៅស្នាក់​នៅជូនប្រជាពលរដ្ឋ នៅក្នុងក្រុមទី៣៦ ភូមិ៦ សង្កាត់ទន្លេបាសាក់បានចំនួន១០គ្រួសារ មានមនុស្ស៤២នាក់ ក្នុងនោះប្រុស១៦នាក់ និងអាយុ១៨ឆ្នាំឡើងមាន២៩នាក់ ក្នុងនោះប្រុស៨នាក់។

ដោយឡែកខណ្ឌសែនសុខវិញ លោក ម៉ក់ ហុង បានបញ្ជាក់ថា លោកបាននិងកំពុងដឹកនាំកម្លាំងនគរបាលបន្តការងារតាមមូលដ្ឋាន ដោយប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំង​ចំពោះការងារដែលធ្វើឡើងទាំងយប់នេះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់នេះថា ដោយសារតែបងប្អូនប្រជាពលរដ្ឋ នៅពេលថ្ងៃគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែរវល់នឹងរបររកសីុ ធ្វើការ ដែលជាហេតុមិនបានទៅធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនោះ ទើបលោកបញ្ជាទៅអធិការទាំង១២ខណ្ឌ សហការជាមួយកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានមានភូមិ និងសង្កាត់ចុះទៅផ្តល់ជូន​ពួកគាត់​នាពេលយប់តែម្តង ដោយចាប់អនុវត្តពីម៉ោង៦រហូតដល់ម៉ោង១០យប់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «នៅពេលយប់ពួកគាត់អាចមានពេលច្រើន ក្រោយសម្រាកពីការងារ និងធ្វើការ ដូច្នេះអាចមកចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ​ហើយបើនរណាមិន​ទាន់​មានសៀវភៅ​ស្នាក់នៅ គឺមន្រ្តីរបស់យើង នឹងធ្វើជូនពួកគាត់នៅទៅនោះតែម្តង»

នាយឧត្តមសេនីយ៍ស្នងការ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានសេវាសាធារណ:ទាំងនេះ សូមមកទទួលយកពីមន្រ្តីនគរបាលដែលបានចុះទៅធ្វើផ្ទាល់ដល់លំនៅដ្ឋាន៕

សកម្មភាពរបស់អភិបាល និងអធិការខណ្ឌដូនពេញ


សកម្មភាពរបស់អភិបាល និងអធិការខណ្ឌចំការមន


សកម្មភាពរបស់អភិបាល និងអធិការខណ្ឌសែនសុខ