(ស្វាយរៀង)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ រស់នៅក្នុងឃុំថ្មី ដែលជាឃុំដាច់ស្រយាលពីទីរួមខេត្ត ជាប់តំបន់ព្រំដែន និងប្រទេសវៀតណាម ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានទទួលអំណោយពីលោក លឹម គីមសេង អគ្គនាយកក្រុមហ៊ុន គីរ៉ូប៊ី ឡាក់គី៨៩ (Lucky Ruby & Lucky ៨៩) ដោយផ្សារភ្ជាប់ និងទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ។

ពិធីនេះមានការចូលរួមពីលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ លោក លឹម គីមសេង បានឱ្យដឹងថា លោកមានបងប្អូន៨នាក់ រស់នៅក្នុងផ្ទះតែមួយ ហើយពេលខ្លះពួកគាត់មិនមានអាហារគ្រប់គ្រាន់ ឬលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃសាលានោះទេ។

លោកបានបន្តថា លោកមានសំណាងណាស់ដែលបានជួប និងសៀវភៅមួយក្បាល ក្នុងសៀវភៅនោះបាននិយាយថា «អតីតកាលមិនអាចកំណត់ជោគវាសនារបស់យើងបានទេ»។ ពាក្យទាំងនោះធ្វើឱ្យលោកមានកម្លាំងចិត្តយ៉ាងខ្លាំង។ វាមានន័យថា ទោះបីជាគ្រួសារក្រនៅក្នុងអតីតកាលក៏ដោយ ក៏មិនបានមានន័យថានៅតែក្រនៅថ្ងៃអនាគតនោះទេ ហើយអាចផ្លាស់ប្តូរស្ថានភាពរបស់គាត់បាន។

លោកបានបន្ថែមថា «សៀវភៅនោះក៏បាននិយាយទៀតថា ខ្ញុំអាចធ្វើឱ្យគ្រួសាររបស់ខ្ញុំមានជីវិតកាន់តែប្រសើរ និងសកម្មភាពដែលជាគន្លឹះមួយចំនួន ហើយ គន្លឹះ១ដែលសំខាន់ជាងគេនោះ គឺត្រូវតែសិក្សាឱ្យបានច្រើន ធ្វើការអភិវឌ្ឍន៍ចំណេះដឹង ព្រោះថា «ចំណេះដឹងគឺជាអំណាច» ដូច្នេះលោកបានខិតខំអានសៀវភៅជាច្រើនទៀត ហើយខំសិក្សាជាងមុនដើម្បីទទួលបានចំណេះដឹងបន្ថែម ហើយឥឡូវនេះលោកអាចមើលឃើញជីវិតរបស់លោកផ្លាស់ប្តូរបានដោយជោគជ័យ ហើយអាចផ្តល់ជីវភាពកាន់តែប្រសើរសម្រាប់គ្រួសាររបស់លោក និងរួមចំណែកជាវិភាគទានដល់សង្គមផងដែរ»

បន្ថែមលើសពីនេះ លោក លឹម គីមសេង បានបញ្ជាក់ថា យើងអាចធ្វើការផ្លាស់ប្តូរជីវិតយើងឱ្យកាន់តែប្រសើរឡើង ដោយការអានសៀវភៅឱ្យបានច្រើន សិក្សារៀនសូត្របន្ថែម ចំណេះដឹង ហើយយើងប្រើប្រាស់ចំណេះដឹងនោះឱ្យបានប្រសើរ និងចូរឱ្យអំណាចនៃចំណេះដឹងនោះផ្លាស់ប្តូរជីវិតរបស់យើង។

លោកក៏បានលើកទឹកចិត្តពលរដ្ឋទាំងអស់ត្រូវចងចាំពាក្យនេះទុកក្នុងចិត្ត «អតីតកាលមិនអាចកំណត់ជោគវាសនារបស់យើងបានទេ» ចាប់ផ្តើមសកម្មភាពរបស់យើងចាប់ពីថ្ងៃនេះ ដើម្បីថ្ងៃស្អែកដ៏ប្រសើរ។ ចាប់ផ្ដើមកាន់សៀវភៅមួយក្បាលរៀននៅអ្វីដែលថ្មី និងជឿជាក់លើអំណាចនៃការផ្លាស់ប្ដូរជីវភាពឱ្យកាន់តែប្រសើរឡើង។

បន្ថែមលើសពីនេះ លោកក៏បានលើកទឹកចិត្តដល់អាណាព្យាបាល ឪពុកម្ដាយទាំងអស់ត្រូវបញ្ជូនកូនៗរបស់ខ្លួនឱ្យបានទៅសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាឱ្យបានគ្រប់ៗគ្នា ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឱ្យជីវភាពរស់នៅ និងអនាគតកាន់តែរុងរឿងបន្ថែមទៀត។

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក លឹម គីមសេង និងសហការីដែលតែងតែចែកទានជាអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជារៀងរាល់ឆ្នាំដោយផ្សារភ្ជាប់នៅថ្ងៃ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់។

លោកអភិបាលស្រុកបានបន្តថា វប្បធម៌ចែករំលែករបស់លោក លឹម គីសេង មិនត្រឹមតែជួយដល់ការងារមនុស្សធម៌នៅមូលដ្ឋានប៉ុណ្ណោះទេ តែក៏បានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកំពង់រោទិ៍ ដែលទាំងអស់នេះក៏បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងអាណត្តិទី៧ តាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីផងដែរ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារនេះ រួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ព្រមទាំងមានពិធីតាំងពិរពណ៌ដើម្បីលក់ផលិតផល បានថវិកាជូនដល់កុមារកំព្រាក្នុងខេត្តស្វាយរៀងផងដែរ៕