(ភ្នំពេញ)៖ ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានគឺជាជំនាញមួយដែលមានសក្តានុពល មានតម្រូវការខ្ពស់ពីសំណាក់ពលរដ្ឋនៅប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈជំនាញមួយនេះត្រូវបានដាក់បញ្ចូលទៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧នេះ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានគឺជាជំនាញមានតម្រូវការខ្ពស់ណាស់នៅប្រទេសកម្ពុជា ដោយសារកម្ពុជានាពេលបច្ចុប្បន្ននេះជាប្រទេសមានការរីកចំរើនផ្នែកសំណង់ មានកំណើននៃការសាងសង់អាគារខ្ពស់ៗ លំនៅដ្ឋានបែបទំនើបនៅក្នុងទីក្រុង ហើយពលរដ្ឋមានសន្ទុះក្នុងការប្រើប្រាស់បរិក្ខារត្រជាក់ក្នុងគេហដ្ឋានស្ទើរតែគ្រប់បណ្តាខេត្តក្រុងនានាពាសពេញប្រទេស ដូច្នេះវាជាកត្តាមួយដែលធ្វើឱ្យជំនាញនេះកាន់តែឋិតក្នុងតម្រូវការខ្ពស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានគឺជាជំនាញមួយដ៏មានសារសំខាន់ណាស់នាពេលបច្ចុប្បន្ន ហើយឆ្លើយតបទៅនិងទីផ្សារការងារនៅប្រទេសកម្ពុជា ពលរដ្ឋដែលរៀនជំនាញនេះមានឱកាសខ្ពស់ណាស់នៅពេលរៀនចប់ ហើយថែមទាំងមានប្រាក់ចំណូលសមរម្យផងដែរ ដូច្នេះវាជាឱកាសសម្រាប់យុវជនកម្ពុជា ដែលចង់រៀនជំនាញអាចចាប់យកជំនាញជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាននេះផងដែរ»

លោកបានគូសបញ្ជាក់ថា ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានត្រូវបានដាក់បញ្ចូលទៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជំនាញនេះរៀនរយៈពេល៤ខែ សិក្ខាកាមអាចមានជំនាញនេះច្បាស់លាស់ អាចរកការងារ និងមានប្រាក់ចំណូលសមរម្យ ហើយអាចមានលទ្ធភាពក្នុងការជួយជីវភាពគ្រួសាររបស់ពួកគេនាពេលអនាគតផងដែរ។

ដោយឡែក លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានពន្យល់ថា៖ «នៅកម្ពុជាបច្ចុប្បន្នការប្រើប្រាស់បរិក្ខាអេឡិចត្រូនិចនេះគឺសម្បូរបែប ជាពិសេសនោះគឺការប្រើប្រាស់បរិក្ខារត្រជាក់នេះតែម្តង យើងសង្កេតឃើញថាពលរដ្ឋចាប់ផ្តើមមានសន្ទុះខ្លាំងក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងបរិក្ខាត្រជាក់ផ្សេងៗទៀតនៅក្នុងផ្ទះ ដូច្នេះហើយការរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានគឺជាការជ្រើសរើសមួយដ៏ត្រឹមត្រូវ និងមានឱកាសការងារខ្ពស់សម្រាប់ពលរដ្ឋ និងយុវជន»

លោកបានណែនាំឱ្យយុវជនដែលចង់រៀនជំនាញ មកជ្រើសរើសយកជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ដែលវាមានស្រាប់ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ ដែលសិក្សាមិនគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភរយៈពេល៤ខែ រហូតដល់រៀនចប់ផងដែរ។

ជាសិក្ខាកាមដែលកំពុងរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈខេត្តកែប យុវជន ហួត គីម បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តរៀនជំនាញសេវាកម្មត្រជាក់នេះពីព្រោះខ្ញុំសម្លឹងឃើញទីផ្សារការងារខាងបរិក្ខាត្រជាក់នេះល្អនៅក្នុងខេត្តរបស់ខ្ញុំ ហើយឃើញគេទទួលបានប្រាក់ចំណូលសមរម្យទៀត។ ខ្ញុំរៀនចប់ជំនាញនេះ ខ្ញុំមិនចាំបាច់ទៅរកការងារនៅកន្លែងផ្សេងនោះទេ គឺត្រឹមខេត្តកែបនេះផ្ទាល់តែម្តង ពីព្រោះនៅទីនេះក៏ទីផ្សារការងារផ្នែកសេវាកម្មត្រជាក់នេះល្អផងដែរ»

ទន្ទឹមនឹងនេះយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាននេះខ្លួននឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ នៅក្នុងខេត្តដែលខ្លួនកំពុងរស់នៅ ជាពិសេសនោះយុវជនរូបនេះគ្រោងមានអាជីវកម្មផ្នែកផ្គត់ផ្គង់សេវាកម្មត្រជាក់ក្នុងគេហដ្ឋាននេះតែម្តង ប្រសិនបើខ្លួនមានលទ្ធភាពនាពេលអនាគត៕