(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម ដ៏តានតឹងរយៈពេល ២ថ្ងៃនៅថ្ងៃទី២៩-៣០ ខែសីហានេះ ភាគីកម្ពុជា និងវៀតណាម បានខ្វែងគំនិតគ្នានៅលើគោលការណ៍ធំមួយ ដែលមិនអាចឱ្យតំណាងប្រទេសទាំងពីរចុះហត្ថលេខាលើកំណត់ ហេតុ និងចេញសេចក្តីថ្លែងការណ៍រួមបាននោះឡើយ។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា បានថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចុងក្រោយ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ថា ភាគីកម្ពុជាចង់ឱ្យប្រើប្រាស់គោលការណ៍ខ្សែព្រំដែនមិនកែប្រែចាប់តាំងពីកម្ពុជាទទួលឯករាជ្យពីបារាំងកាលពីឆ្នាំ១៩៥៣ ប៉ុន្តែភាគីវៀតណាមបានជំទាស់ ហើយទាមទារឱ្យយកសន្ធិសញ្ញាឆ្នាំ១៩៨៥, ២០០៥ និងអនុស្សារណៈយោគយល់ឆ្នាំ២០១១ មកប្រើវិញ។
លោក វ៉ា គឹមហុង បានថ្លែងថា «យើងទើបបញ្ចប់ ហើយគេ (វៀតណាម) ឡើងយន្តហោះហើយ ប៉ុន្តែជាលទ្ធផលអត់ទាន់បានអ្វីទាល់តែសោះ គឺថាយើងសមាជទៅឃើញថា យើងមិនអាចឯកភាពគ្នាលើគោលការណ៍ធំ។ គោលការណ៍ធំនោះ ខ្ញុំអាចប្រាប់បានថា មិនឯកភាពគ្នាលើខ្សែព្រំដែនមិនកែប្រែ»។
លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា «យើងយល់ច្បាស់លើសារសំខាន់ នៃគោលការណ៍ខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាយើងបានឯករាជ្យនៅឆ្នាំ១៩៥៣ ប៉ុន្តែភាគីមិត្តមិនយល់តាមហ្នឹងទេ គាត់មានការព្រួយបារម្ភ ហើយថា គោលការណ៍ហ្នឹងមិនបាច់ចាំយកមកប្រើទេ ព្រោះយើងមានសន្និសញ្ញារួចទៅហើយ ដូចជាសន្ធិសញ្ញារដ្ឋកំណត់ព្រំដែនឆ្នាំ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែម២០០៥ ឬ អនុស្សារណយោគយល់គ្នាឆ្នាំ២០១១។ ខ្ញុំបានពន្យល់គាត់រួចហើយ គាត់យល់ដូច្នេះមិនត្រឹមត្រូវទេ ព្រោះថា គោលការណ៍ខ្សែព្រំដែនមិនកែប្រែនេះជាគោលការអន្តរជាតិទេ»។
នៅក្នុងការចរចាតាមការគ្រោងទុករយៈពេល២ថ្ងៃនេះ សមាសភាពក្រុមការងារកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ចំណែកឯសមាសភាពភាគីវៀតណាមដឹកនាំដោយ លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែន។ ភាគីទាំងពីរកំណត់យករបៀបវារៈមួយចំនួនដូចជា ការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យបារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយ កន្លងមក។ ក្រៅពីនោះកម្ពុជា ក៏បានសួរដេញដោលរឿងកំណត់ទូតផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា បើតាមសេចក្តីរាយការណ៍ពីមន្រ្តីជាន់ខ្ពស់កម្ពុជា បានឱ្យដឹងថា លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែន ដែលត្រូវចាត់តាំងឱ្យធ្វើជាតំណាងវៀតណាមក្នុងការចរចានេះ បានចាកចេញពីប្រទេសកម្ពុជា តាំងពីព្រឹកថ្ងៃទី៣០ ខែសីហាម្ល៉េះ ពោលគឺប្រធានគណៈកម្មការព្រំដែនរបស់វៀតណាមរូបនេះ បានចាកចេញមុនការកំណត់មួយថ្ងៃ ដោយមិននៅចរចានាថ្ងៃចុងក្រោយឡើយ ទុកឱ្យតែកូនចៅរបស់ខ្លួនប្រជុំដែលមិនហ៊ានសម្រេចអ្វីតែប៉ុណ្ណោះ។
បន្ទាប់ពីខ្វែងគំនិតគ្នាចំពោះគោលការណ៍ខ្សែព្រំដែនមិនកែប្រែនោះ ក្នុងកិច្ចប្រជុំ២ថ្ងៃនេះ ភាគីទាំងពីរក៏មិនបានសម្រេចថាយ៉ាងណានៅឡើយដែរ ចំពោះសំណើរបស់កម្ពុជាឱ្យវៀតណាមបញ្ឈប់សកម្មភាពជីកស្រះ សង់ប៉ុស្តិ៍ និង ការរំលោភមកលើព្រំដែនកម្ពុជា ក៏ដូចជាកំណត់ទូតរបស់កម្ពុជា ដោយគ្រាន់តែអះអាងថា នឹងយករឿងទាំងនេះដាក់ជូនថ្នាក់លើជាអ្នកសម្រេចប៉ុណ្ណោះ ហើយបញ្ចូនឱ្យគ្នាវិញតាមរយៈការទូត។
លោក វ៉ា គឹមហុង បានបន្ថែមថា «រឿងសាងសង់ចូល រឿងដែលយើងចង់ឱ្យបញ្ឈប់ គឺនៅដដែលទេ រឿងស្រះ រឿងលុបរឿងអី ជំហររបស់គេ(វៀតណាម)ពេលនេះ គឺនៅដដែលទេ គេលុប ឬ មិនលុប គឺនៅដដែលទេ ចំណែកយើងក៏ជំហរយើងនៅដដែលដែរ យើងនៅតែទាមទារ នៅតែធ្វើកំណត់ទូតតវា បើគេមិនលុបទេយើងនៅតែបន្តតវ៉ាតទៅទៀត»។
យ៉ាងណាក៏ដោយ ចំពោះស្ថានភាពតានតឹងក្នុងការចរចាព្រំដែនបែបនេះ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានអះអាងថា កម្ពុជានៅតែអនុវត្តគោលជំហរចរចាជាលក្ខណៈទ្វេភាគី ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ហើយក៏ផែនការប្រើយន្តការអន្តរជាតិនោះដែរ។
សូមបញ្ជាក់កិច្ចប្រជុំគណៈកម្មការព្រំដែនរយៈពេលពីរថ្ងៃនេះ បានធ្វើឡើងក្រោយពេលដែលវៀតណាម បានព្យាយាមសង់ប៉ុស្តិ៍ សង់ផ្លូវ និងជីកស្រះជាដើមនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ ដែលមិនទាន់មានការចរចាកំណត់ដែនអធិបតីឲ្យបានច្បាស់លាស់នៅឡើយ នោះ។
ប្រទេសកម្ពុជា និងវៀតណាម មានបន្ទាប់ព្រំដែនជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនជាមួយគ្នាបានប្រមាណ ៨៣ភាគរយ ហើយនៅសល់ ១៧ភាគរយទៀត គ្រោងនឹងចាប់ផ្តើមបោះបណ្តនៅខែក្រោយនេះ ៕