(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នា លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរ ទៅវិញទៅមកឱ្យកាន់តែប្រសើរ។

ការឯកភាពនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការនៃការពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតបានសង្កត់ធ្ងន់ ពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការយល់ដឹងអំពីគោលដៅទេសចរណ៍ របស់ប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូណេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភាពទាក់ទាញរបស់កម្ពុជា ដូចជា ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម។

គួរជម្រាបថា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥.៤លាននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរឥណ្ឌូណេស៊ី១២៧,១៧៨នាក់ផងដែរ៕