(កំពង់ធំ)៖ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងព្រះគ្រូចរិយានុរក្ស ព្រហ្ម សារូ ព្រះអនុគណស្រុកបារាយណ៍ ព្រមទាំងមន្ត្រីសង្ឃស្រុក ចៅអធិការវត្តមួយចំនួន និមន្តនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ បរិក្ខារ ប្រើប្រាស់ផ្សេងៗជាច្រើន និងបច្ច័យមួយចំនួន មកជួយឧបត្ថម្ភដល់ក្រុមគ្រួសារសាសនិកឥស្លាមដែលរងគ្រោះដោយអគ្គីភ័យ(ឆេះផ្ទះ) នៅវេលាម៉ោង១២:២៥នាទីត្រង់ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៧ខ្នងផ្ទះ ស្មើនឹង១០គ្រួសារ ដោយឆេះខ្ទេចខ្ទីនូវទ្រព្យសម្បត្តិទាំងស្រុងគ្មានសល់ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា សូមចូលរួមសោកស្តាយយ៉ាងក្រៃលែងជាទីបំផុត ជាមួយនឹងក្រុមគ្រួសារ ម្ចាស់ផ្ទះ ប្រកបដោយសេចក្តីសោកសង្រេង ជាពន់ពេកជាមួយជនរងគ្រោះ ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំឱ្យបាត់បង់ទាំងលំនៅដ្ឋាន ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់។

ព្រះទេពសត្ថា សៀង សុខ បានលើកទឹកចិត្តជាមួយនឹងក្រុមគ្រួសារម្ចាស់ផ្ទះ ដែលអគ្គីភ័យដែលបានឆេះផ្ទះ៧ខ្នងនេះអស់ទាំងស្រុង ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិជាច្រើន ដែលមិនបានជួយសង្គ្រោះទាន់ពេលវេលា សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះ មានស្មារតីរឹងមាំឡើងវិញ កត្តាធម្មជាតិតែងតែកើតមានឡើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង។ 

គួរបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យមួយចំនួនបានប្រគល់ដល់ម្ចាស់ផ្ទះរួមមាន៖ អង្ករ មី ត្រីខទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឃីត និងសម្ភារៈប្រើប្រាស់ផ្ទះបាយ និងបច្ច័យមួយចំនួនទៀតផងដែរ៕