(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ជានឹងធ្វើជំនួបជាមួយគ្នា នៅដាច់ដោយឡែកពីកិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធឡើងនាថ្ងៃទី៤-៥ ខែកញ្ញាខាងមុខ នៅប្រទេសចិន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។
នាព្រឹកថ្ងៃចន្ទ លោក Ben Rhodes ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Obama បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក រំពឹងថានឹងជួបជាមួយសមភាគីរុស្ស៊ីរបស់លោក ដើម្បីពិភាក្សានូវបញ្ហាមួយចំនួន នៅអំឡុងពេលកិច្ចប្រជុំកំពូល។
«យើងក៏រំពឹងដូច្នោះដែរ, យើងត្រៀមខ្លួនរួចរាល់ តែទោះបីជាយ៉ាងណាក្តី ការសម្រេចចិត្តចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ» នេះបើតាមអ្នកនាំពាក្យវិមាន Kremlin របស់រុស្ស៊ី លោក Dmitry Peskov បានលើកឡើង។
សូមជំរាបថា ជំនួបរវាងលោក Putin និងលោក Obama បានធ្វើឡើងនៅសន្និសីទផ្លាស់ប្តូរអាកាសធាតុអន្តរជាតិ នាទីក្រុងប៉ារីស កាលពីខែវិច្ចិកា ឆ្នាំមុន។
ក្រៅពីកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសចិន មានឱកាសដូចគ្នានេះមួយទៀត សម្រាប់ជំនួបរវាងប្រធានាធិបតីទាំងពីរ នៅក្នុងឆ្នាំ២០១៦ គឺកិច្ចប្រជុំកំពូល APEC ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៨-១៩ ខែវិច្ចិកា ក្នុងប្រទេសប៉េរូ៕