(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងអាង៣០កញ្ញាដែលប្រជាពលរដ្ឋចំនួន៣ស្រុកប្រើប្រាសទឹកធ្វើស្រែប្រាំង កំពុងខ្វះទឹកដែលតម្រូវអោយអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះស្រូវបានទាន់ពេលវេលា នៅស្រុកស្ទោង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ងួន រតនៈ បានលើកឡើងថា ការធ្វើស្រែប្រាំងនៅក្នុងភូមិសាស្ត្រ អាង៣០កញ្ញា នៅពេលនេះ អាចមានហានិភ័យព្រោះខ្វះខាតទឹកស្រោចស្របស្រូវធ្វើលើកទី២ ដោយយើងសង្កេតឃើញជាក់ស្តែង ស្រូវរដូវប្រាំងនៅពេលនេះ ហើយវិធីសាស្រ្តក្នុងការដោះស្រាយជារួមស្រុកបីនេះគឺស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្កនិង ទៅស្រុកកំពង់ស្វាយបានពិភាក្សាគ្នាក្រោមការដឹកនាំពីអភិបាលខេត្តគឺថាស្រុកត្រូវចែកគ្នា ទទួលទឹកដាក់ស្រែ ទើបមានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើន និងបានជួយសម្រួលជីវភាពបងប្អូនបានធូរស្រាលមួយកម្រិត។

អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងនៅពេលនេះ បន្ទាប់ពីប្រមូលផលដំណាក់កាលនេះចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត សូមបងប្អូនធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងស្វែងយល់ឲ្យបានច្បាស់អំពីសុវត្ថិភាពទឹកនៅក្នុងតំបន់នីមួយៗ តើអាចស្រោចស្របលើផ្ទៃដីបានប៉ុន្មានហិចតា? ហើយនេះជាបញ្ហាដែលយើងត្រូវស្វែងយល់ទាំងអស់គ្នា ទាំងគ្រួសារធ្វើស្រែប្រាំង ទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីយើងពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា ជៀសវាងការបង្កបង្កើនផលដំណាក់កាលទី២ មានហានិភ័យខ្វះខាតទឹក ធ្វើឲ្យស្រូវក្រៀមស្វិតខូចខាត។

លើសពីនេះទៀត លោក ងួន រតនៈ បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងប្រជពលរដ្ឋរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ពីព្រោះទឹកក៏មិនមែនប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងតែមួយមុខនោះទេ វាជាតម្រូវការរបស់មនុស្ស សត្វ រុក្ខជាតិទូទៅទៀតផង៕