(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ទ្រង់នឹងយាងសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង អបអរសារទរទិវាជាតិទីក្រុងស្អាត នៅកោះនរា ខណ្ឌច្បារអំពៅ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរលោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ដោយបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងព្រះរាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង អបអរសារទរទិវាជាតិទីក្រុងស្អាត។
ព្រះរាជពិធីសួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងនេះនឹងប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងមកពី ក្រុមហ៊ុន៣ ចូលរួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd៕