(ញូវឌេលី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយសមាជិកនៃគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងញូវឌេលី (ANDC) ដែលរៀបចំដោយលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា និងជាប្រធាន ANDC។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពស្តីពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងអាស៊ាន និងក្នុងទំនាក់ទំនងអាស៊ាន-ឥណ្ឌា។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណសម្រាប់ការចូលរួមចំណែកដ៏សំខាន់របស់ ANDC ដើម្បីជួយពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងអាស៊ាន និងឥណ្ឌាផងដែរ។

នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មឥណ្ឌា។

នៅក្នុងកិច្ចពិភាក្សា លោកបណ្ឌិតបានថ្លែងអំណរគុណដល់សហព័ន្ធឧស្សាហកម្មឥណ្ឌា សម្រាប់ការចូលរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងឥណ្ឌា ព្រមទាំងបានរិះរកកាលានុវត្តភាពដើម្បីសហការគ្នាលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Piyush Goyal រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម កិច្ចការអ្នកបរិភោគ ចែកចាយស្បៀង និងចែកចាយជាសាធារណៈ និងវាយនភណ្ឌឥណ្ឌា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវិស័យសហប្រតិបត្តិការដែលអាចធ្វើទៅបាន លើវិស័យសេដ្ឋកិច្ចរវាងអាស៊ាន និងឥណ្ឌា ក៏ដូចជា ពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាអាស៊ាន-ឥណ្ឌា (AITIGA) និងផ្តល់ការគាំទ្រដល់ប្រព័ន្ធពហុភាគី និងគាំទ្រដល់ប្រទេសទីម័រខាងកើត៕