(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញការកត់​សម្គាល់ថា បន្ទាប់ពីការធ្វើកំណែទម្រង់រយៈពេលជាង ២០ឆ្នាំ ធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (លុយ​រដ្ឋ) ទទួលបានភាពកាន់តែល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក «កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (គណនេយ្យភាព​សមិទ្ធកម្ម)» នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។

ថ្លែងក្នុងពិធីនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសរំលេចថា បន្ទាប់ពីអនុវត្ដ​អស់រយៈ​ពេល​ជាង២០ឆ្នាំ រហូតមកដល់ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» កម្មវិធីកែទម្រង់​ការគ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ សម្រេចបានវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ និងដើរតួនាទីសំខាន់ ជាឃ្នាស់​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមកម្ពុជា។ ផ្អែកតាមវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធី​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, រាជរដ្ឋាភិបាលអាចវាយតម្លៃបានថា៖

១៖ ទំនុកចិត្តថវិកានៅតែរក្សាបានជាសារវ័ន្ដ ដោយចំណូលថវិការដ្ឋចាប់ផ្តើមមានសន្ទុះឡើងវិញ​ បន្ទាប់​ពី​វិបត្តិជំងឺកូវីដ-១៩ ហើយចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ
២៖ គណនេយ្យភាពហិរញ្ញវត្ថុមានមូលដ្ឋានកាន់តែរឹងមាំ តាមរយៈការបន្តពង្រឹងស្តង់ដា​គណនេយ្យ​សា​ធា​រណៈ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយមានឧបករណ៍គាំទ្រគ្រប់គ្រាន់ តាមរយៈការដាក់ឱ្យ​អនុ​វត្ត​ក្រប​ខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ (MTFF) ក្របខ័ណ្ឌថវិការយៈមធ្យម (MTBF) ការកែលម្អផែនការ​យុទ្ធ​សាស្រ្តថវិកា (BSP) និងថវិកាកម្មវិធី (PB) គួបផ្សំនឹងការប្រគល់សិទ្ធិអំណាចពេញលេញជូនអង្គភាព ថវិកា​ក្នុងការ-ចាត់ចែងធនធានហិរញ្ញវត្ថុ
៤៖ ការកសាងបានជាបណ្ដើរៗ នៃមូលដ្ឋានគណនេយ្យភាពចំពោះសមិទ្ធកម្ម តាមរយៈ​ការ​ដាក់ឱ្យប្រើនូ​វ​ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) និងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិង​គណនេយ្យ​សាធារណៈ និងភាពល្អប្រសើរឡើង នៃការលើកកម្ពស់តម្លាភាពថវិកា
៥៖ ការរក្សាបាននូវ ចលនការល្អ-ប្រសើរ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈឆន្ទៈ​នៃការចូលរួមពីគ្រប់តួអង្គភាពពាក់ព័ន្ធ និងការពង្រឹងភាពប្រទាក់ក្រឡានៃការកែទម្រង់គន្លឹះៗ។

វឌ្ឍនភាពគន្លឹះៗទាំងនេះ បានបញ្ជាក់ច្បាស់ថា ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កាន់តែមានសារៈ​សំខាន់​ថែមទៀត និងជាចំណែកចាំបាច់មិនអាចខ្វះបាន ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋា-ភិបាលនីតិកាលកន្លងមក និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជា ទៅជា​ប្រ​ទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ជារួមប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមា​នុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទ​កម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម នៃសកលលោក ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និង ផ្តល់មូលវិចារដ៏ថ្លៃថ្លា ចំពោះសហការី​នៃរាជ​រដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិ​រញ្ញ​វត្ថុ ដែលបានខិតខំជំរុញអនុវត្តសកម្មភាពទាំងឡាយ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណៈ រហូតសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បណ្តាដៃគូអភិវឌ្ឍន៍ជាអាទិ៍ សហគមន៍​អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្ដរជាតិ, អង្គការយូនីសែហ្វ, រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័ន​អន្ដរជាតិផ្សេងទៀត ចំពោះកិច្ចសហប្រតិបត្តិ្កការក្នុងទិដ្ឋភាពហិរញ្ញប្បទាន និងជំនួយបច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង៣ដំណាក់កាលកន្លងទៅ និងក្នុងដំណាក់កាលទី៤នាពេលនេះ៕

http://image.freshnewsasia.com/2021/id-022/fn-2024-02-13-19-55-29-12.JPG