(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញលោក Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ បំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាសមស្របណាមួយ។

ការអញ្ជើញនេះ ក្នុងឱកាសប្រមុខការទូតកម្ពុជា បានជួបសន្ទនាតាមទូរសព្ទ ជាមួយលោក Winston Peters នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «មុននឹងកិច្ចសន្ទនាតាមទូរសព្ទបានបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី Winston Peters មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាសមស្របណាមួយ»។

បើតាមក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ដែលបានបង្កើត តាំងពីឆ្នាំ១៩៥៩។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងរៀបចំកិច្ចពិគ្រោះយោបល់ លើកទី៣ ក្នុងពេលវេលាសមស្របណាមួយ នៅប្រទេសនូវែលសេឡង់។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងការរួមចំណែកដល់ដំណើរការសន្ដិភាព និងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ ១០០នាក់ មកកម្ពុជា ហើយពេលបច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩.០០០ នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស៕