(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ បើតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។

គណបក្សនយោបាយដែលធ្វើសកម្មភាពឃោសនាជាធម្មតាសម្រាប់ថ្ងៃនេះ មានជាអាទិ៍៖

-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅតាមភូមិភាគនានា លើកលែងតែនៅភូមិភាគទី៣ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសារនយោបាយនៅតាមទីស្នាក់ការគណបក្ស។

-គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូនៅទីស្នាក់ការគណបក្ស នៅភូមិភាគទី១ ភូមិភាគទី២ ភូមិភាគីទី៣ ភូមិភាគទី៥ និងភូមិភាគទី៦ ។

ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ។

ជាទូទៅ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទីបួននេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល៕