(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសកម្ពុជា បានប្រកាសជូនដំណឹងថា សាកលវិទ្យាល័យ Arizona (University of Arizona) ដែលជាសាកលវិទ្យាល័យ ដ៏ល្បីមួយស្ថិតនៅរដ្ឋ Arizona សហរដ្ឋ អាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកម្មវិធីដៃគូស្តីពីសញ្ញាប័ត្រទេ្វជាមួយ សាកលវិទ្យាល័យដ៏ ល្បីឈ្មោះមួយនៅកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតសហរដ្ឋអាមេរិក នៅថៃ្ងទី៣០ ខែសីហានេះ បានឲ្យដឹងថា លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើជាសាក្សី នៅក្នុងពិធីចុះហត្ថ លេខាជាផ្លូវការ ដើម្បីបង្កើតកម្មវិធីដៃគូស្តីពី សញ្ញាប័ត្រទ្វេ (Dual Degree) រវាងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា នៅសាកលវិទ្យាល័យ AUPP ។
សេចក្តីប្រកាសព័ត៌មានខាងលើបាមបនែ្ថមថា «កម្មវិធីថ្មីស្តីពីភាពជាដៃគូនេះ នឹងផ្តល់ឲ្យនិស្សិតកម្ពុជានូវ ការសិក្សាប្រកបដោយគុណភាពខ្ពស់ បែបអាមេរិក ដែលអនុញ្ញាតអោយពួកគេទទួល បានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពី សាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយសិក្សាពេញម៉ោងនៅក្នុងប្រទេសកម្ពុជា»។
ទាក់ទងនឹងព័ត៌មានខាងលើ លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានវាយតម្លៃខ្ពស់លើកិច្ចព្រមព្រៀងនេះ ដោយកត់សម្គាល់ថា «តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ AUPP និង Arizona នឹងផ្តល់ឱកាសដល់និស្សិតកម្ពុជានិងនិស្សិតមកពីបណ្តាប្រទេសក្នុងតំបន់ អាស៊ាន ទទួលបានសញ្ញាបត្រពីគ្រឹះស្ថានឧត្តមសិក្សាទាំងពីរនេះ ដែលនឹងនាំពួកគេឈានទៅរកអាជីព ប្រកបដោយដោយភាពជោគជ័យ»។
លោកបណ្ឌិត Kenneth Dunn បានបនែ្ថមថា នេះជាការបង្ហាញ ពីការជឿជាក់ទាំងស្រុង លើគុណភាពអប់រំរបស់ AUPP និងការរីកចម្រើននៃវិស័យអប់រំ ទាំងមូលរបស់ប្រទេសកម្ពុជា ។
សាកលវិទ្យាល័យ Arizona ត្រូវបានទទួលស្គាល់ជា សាកលវិទ្យាល័យមួយក្នុងចំណោម សាកលវិទ្យាល័យឈានមុខលើ ពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១៦ លើការទទួលបានការងារធ្វើ របស់និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ Arizona នាំមុខលើការស្រាវជ្រាវ ដោយវិនិ យោគលើការស្រាវជ្រាវជាង ៦០០ លានដុល្លារ ក្នុងមួយឆ្នាំៗ និងជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងចំណោម ជាង ៥៣០០ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំឧត្តមសិក្សារដ្ឋ និងឯកជន នៅអាមេរិក។
បើយោងលើសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក នៅថៃ្ងអង្គារ៌នេះ អ្នកសារព័ត៌មានត្រូវ បានអញ្ជើញឲ្យចូលរួមយកព័ត៌មាន នៅក្នុងពិធីចុះហត្ថលេខា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា វេលាម៉ោង១១:៣០ ព្រឹកនៅ AUPP អាគារលេខ ៥០ ផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងបណ្ឌិត Billie Jean Slott ទូរស័ព្ទលេខ ០៩២ ៧៣១ ០៦៩ (ផ្នែកភាសាអង់គ្លេស) និងលោក អេត និត តាមទូរស័ព្ទលេខ ០១២ ៨៩៨ ១២៤ (ភាសាខ្មែរ) អ៊ីម៉េល [email protected] គេហទំព័រ www.aupp.edu.kh ៕