(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ជាភរិយា បានដឹកដៃគ្នាទៅផ្តល់ក្តីស្រឡាញ់ដោយរៀបចំអាហារ ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់នានាជូនជនមានបញ្ហាស្មារតី ដែលកំពុងរស់នៅ និងព្យាបាលនៅមជ្ឈមណ្ឌថែទាំ និងស្តារនីតិសម្បទាជនវិបល្លាស ក្នុងភូមិ-ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាលផងដែរ។
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។ មជ្ឈមណ្ឌលមានតួនាទីផ្ដល់ការយកចិត្តទុកដាក់ចំពោះជនមានវិបល្លាសស្មារតីឱ្យទទួលបានសេវាស្នាក់នៅ ហូបចុក ព្យាបាលថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅសហគមន៍វិញ។
មជ្ឈមណ្ឌលមានអគារចំនួន៥ រួមមាន៖ អគាររដ្ឋបាលពីរជាន់, អគារជនវិបល្លាសស្មារតី និងស្តារនីតិសម្បទា, អគារជនវិបល្លាសស្មារតីផ្នែកបុរស, អគារជនវិបល្លាសស្មារតីផ្នែកស្ត្រី និងអគារអាហារដ្ឋាន។
លោក ឌុំ រតនៈឧត្តម ប្រធានមជ្ឈមណ្ឌថែទាំ និងស្តារនីតិសម្បទាជនវិបល្លាស បានឱ្យដឹងថា មជ្ឈមណ្ឌលមានមន្ត្រីសរុបចំនួន៣០នាក់ (ស្រី១៥នាក់) ដែលដឹកនាំគ្រប់គ្រងដោយប្រធានមជ្ឈមណ្ឌលចំនួន ១រូប និង អនុប្រធានមជ្ឈមណ្ឌលចំនួន ២រូប ក្នុងនោះមានមន្ត្រីក្របខណ្ឌមានចំនួន ១០នាក់ (ស្រី០១នាក់) និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ២០នាក់ (ស្រី ១៤នាក់) បានកំណត់បែងចែងភារកិច្ចទៅតាមការិយាល័យទាំង០៣។ ក្រៅពីមន្ត្រី ក្របខណ្ឌ និងមន្ដ្រីជាប់កិច្ចសន្យា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មជ្ឈមណ្ឌលក៏ទទួល បានកិច្ចសហការពីក្រុមគ្រូពេទ្យជំនាញចំនួន ១៤នាក់ (ស្រី ១០នាក់) និងនគរបាលប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ជួយសហការ ការពារសុវត្ថិភាព និងប្រជាការពារភូមិចំនួន ៤នាក់ ប្រចាំការគោលដៅក្នុងមជ្ឈមណ្ឌលផងដែរ។
បើតាមលោក រតនៈឧត្តម បានឱ្យដឹងថា មជ្ឈមណ្ឌលបានទទួលជនវិបល្លាសស្មារតីឱ្យស្នាក់នៅព្យាបាល ថែទាំ និងស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលសរុបចំនួន ២៦៧នាក់ (ស្រី១០៥នាក់។ ក្នុងនោះបានបញ្ជូនត្រឡប់ទៅក្រុមគ្រួសារដើម្បីមើលថែទាំបន្តសរុបចំនួន២៣នាក់ (ស្រី ៩នាក់)។ ជនវិបល្លាសស្មារតីចំនួន ៤នាក់ (ស្រី ៣នាក់) បានទទួលមរណៈភាពដោយបញ្ហាសុខភាព។
បច្ចុប្បន្នមជ្ឈមណ្ឌលមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅសរុបចំនួន ២៤០នាក់ (ស្រី ៩៣នាក់)។ ជនវិបល្លាសដែលមានស្ថានភាពប្រសើរ ៧៦នាក់ (ស្រី ១៤នាក់), ស្ថានភាពមធ្យមមានចំនួន ១៤៩នាក់ (ស្រី ៧៣នាក់), និងស្ថានភាពធ្ងន់ធ្ងរ មានចំនួន ១៥នាក់ (ស្រី ៦នាក់)។
លោក រតនៈឧត្តម បានឱ្យដឹងផងដែរថា មជ្ឈមណ្ឌលបានផ្តល់កម្មវិធីស្តារនីតិសម្បទាដល់ជនវិបល្លាសស្មារតីដូចជា៖ បង្រៀនអក្ខរកម្ម គូរគំនូរ ធ្វើក្រណាត់ជូតជើង ធ្វើសាប៊ូ ធ្វើកសិកម្ម ដេរថង់ សម្អាងកាយ និងកម្មវិធីប្រឹក្សាយោបល់អប់រំសុខភាពផ្លូវចិត្តជាមួយជនវិបល្លាសស្មារតី។ ការស្នាក់នៅរបស់ជនវិបល្លាសស្មារតី គឺធ្វើការរៀបចំបែងចែកទៅតាមភេទ និងកម្រិតសភាពជំងឺ (ធ្ងន់ ឬស្រាល) ដោយផ្អែកទៅតាមរយៈការវិនិច្ឆ័យរោគសញ្ញាពីក្រុមគ្រូពេទ្យជំនាញ។
ករណីជនវិបល្លាសស្មារតីទើបចូលថ្មី ឬមានកម្រិតសភាពជំងឺធ្ងន់ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកសិនដើម្បីងាយស្រួលក្នុងការតាមដាន និងថែទាំ។ អគារស្នាក់នៅនៃជនវិបល្លាសស្មារតីទាំងផ្នែក និងផ្នែកបុរស មានបំពាក់នូវកណ្ដឹងទៅតាមបន្ទប់នីមួយៗ សម្រាប់ករណីជនវិបល្លាសស្មារតីមានបញ្ហាសុខភាពនៅពេលយប់ អាចចុចកណ្តឹងនោះ ដើម្បីផ្ដល់ជាដំណឹងទៅដល់មន្ត្រីថែទាំ។
លោកប្រធានមជ្ឈមណ្ឌល បានឱ្យដឹងថា សម្រាប់ការហូបចុករបស់ជនវិបល្លាសស្មារតី គឺមានអាហារចំនួនបីពេលក្នុង១ថ្ងៃ បន្ថែមជាមួយបង្អែមចំនួនពីរដងក្នុង១សប្ដាហ៍។
លោករដ្ឋមន្ត្រី ជា សុមេធី បានសម្តែងក្តីអានិតអាសូរចំពោះជនមានវិបល្លាស្មារតី ហើយក៏សម្តែងការសោកស្តាយជាមួយក្រុមគ្រួសារ ដែលមានសមាជិកមានវិបល្លាស្មារតី។ បើទោះបីជាយ៉ាងណាលោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រួសារមានសមាជិកមានវិបល្លាស្មារតីមិនត្រូវបោះបង់ពួកគាត់ចោលនោះឡើយ ដោយត្រូវប្រឹងប្រែងមើលថែពួកគាត់។ ក្នុងករណីខ្វះលទ្ធភាពមើលថែ លោក ជា សុមេធី លើកទឹកចិត្តឱ្យទាក់ទងមជ្ឈមណ្ឌលយកសមាជិកមកឱ្យមជ្ឈមណ្ឌលជួយថែទាំ និងព្យាបាលពួកគាត់។
លោក ជា សុមេធី បានលើកឡើងពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺផ្តល់ការគិតគូរខ្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលជាគោលនយោបាយជួយរាល់ប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានោះ លោក ជា សុមេធី បានកោតសរសើរលោកប្រធានមជ្ឈមណ្ឌល ក៏ដូចជាបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលទាំងអស់ ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានវិបល្លាសស្មារតីទោះជួបការលំបាកយ៉ាងណាក្តី។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រធានមជ្ឈមណ្ឌល ក៏ដូចជាបុគ្គលិកក្នុងមជ្ឈមណ្ឌលទាំងអស់បន្តយកចិត្តទុកដាក់ថែទាំជនមានវិបល្លាសស្មារតីក្នុងមជ្ឈមណ្ឌលឱ្យបានល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ជា សុមេធី ក៏បានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន មានដូចជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់នានា សម្រាប់ទ្រទ្រង់ដល់មជ្ឈមណ្ឌល។ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យសប្បុរសជនចូលរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ជាមួយមជ្ឈមណ្ឌលបន្តទៅទៀត ដែលការធ្វើសកម្មភាពមនុស្សនៅមជ្ឈមណ្ឌលខាងលើនេះពោរពេញដោយគុណតម្លៃខ្ពស់។
បន្ទាប់ពីកិច្ចសំណេះសំណាលរួចហើយនោះ លោក ជា សុមេធី និងភរិយា ក៏ដូចជាលោកអភិបាលខេត្តកណ្តាល មន្ត្រីរាជការ បានអញ្ជើញពិនិត្យដោយផ្ទាល់កន្លែងស្នាក់នៅរបស់ជនមានវិបល្លាស ហើយក៏បានរៀបចំអាហារជូនពួកគេ។
បើទោះបីជាបញ្ហាស្មារតីយ៉ាងណាក្តី តែជនវិបល្លាសស្មារតីមួយចំនួន បានទទួលអារម្មណ៍កក់ក្តៅនៃក្តីស្រឡាញ់ចំពោះការចុះសួរសុខទុក្ខ និងរៀបចំអាហាររបស់លោករដ្ឋមន្ត្រី និងភរិយា។ ពួកគេបានបង្ហាញស្នាមញញឹមពោរពេញដោយក្តីរីករាយនៅពេលលោករដ្ឋមន្ត្រី និងភរិយា ដើរដួសអាហារជូនពួកគេ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្រេចបន្ថែមបុគ្គលិកមើលថែ និងគ្រូពេទ្យបម្រើការនៅក្នុងមជ្ឈមណ្ឌល តាមការស្នើសុំរបស់ប្រធានមជ្ឈមណ្ឌល។ រីឯលោកអភិបាលខេត្តកណ្តាល ក៏បានសម្រេចផ្តល់រថយន្តពេទ្យមួយគ្រឿងតាមសេចក្តីត្រូវការរបស់មជ្ឈមណ្ឌលផងដែរ៕