(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់ បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ។ នេះបើតាមសេចក្តីអំពាវនាវ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងវប្បធម៌ បានថ្លែងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្ន ទិវានេះបាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយ ចំនួនបានទទួលយក និងប្រើប្រាស់ដោយការភ័ន្តច្រឡំ នាំឱ្យមានផលប៉ះពាល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណៃជាតិ របស់យើងទៀតផង។

ក្នុងបរិការណ៍នេះ ប្រជាជន ពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពី វប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីខ្លឹមសារនៃ ថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឱ្យបាននូវតម្លៃ និងឧត្តមភាពនៃវប្បធម៌ជាតិដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីប អាស៊ីនេះ។

ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយ ភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងចំពោះញាតិមិត្ត និងក្រុមមនុស្សមួយចំនួនដូចជា៖ ជនពិការ កុមារកំព្រា និងអ្នកដែលក្រខ្សត់ខ្សោយជាង ខ្លួនជាដើម ក្រោមរូបភាពសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទាន អាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ។

ឲក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់ បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ របស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ»៕