(កំពង់ស្ពឺ)៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអំពាវនាវដល់យុវជនទាំងអស់ឱ្យបញ្ឈប់ការយល់ច្រឡំថ្ងៃ១៤ កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់ ហើយនាំគ្នាប្រព្រឹត្តទង្វើប្រាស់ចាកពីសីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់សង្គមខ្មែរ ហើយងាកមករួមគ្នាប្រែក្លាយថ្ងៃ១៤ កុម្ភៈនេះ ទៅជាទិវា នៃវប្បធម៌ចែករំលែក ដែលប្រជាជន និងយុវជន អាចផ្តល់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកសម្រាលនូវទុក្ខលំបាក និងផ្តល់ភាពកក់ក្ដៅដល់ប្អូនៗកុមារកំព្រា ជនពិការ ទុរគតជន ទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។ ម្យ៉ាងទៀតក៏ដើម្បីផ្តល់ឱកាសក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រជាជន និងយុវជន ក្នុងបុព្វហេតុនៃការកសាង និងអភិវឌ្ឍជាតិមាតុភូមិផងដែរ។

ការអំពាវនាវដូច្នេះធ្វើឡើងក្នុងឱកាសទទួលថវិកា ៨,០០០,០០០រៀល និងទឹកសុទ្ធ១០០កេះ ផ្តល់ជូនដោយកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក សរ សុពុត្រា បានលើកឡើងថា ថ្វីត្បិតយើងមិនអាចលុបបំបាត់ ឬកាត់ផ្តាច់ចេញភ្លាមៗនោះទេនូវវប្បធម៌បរទេសមួយនេះ តែសុំឱ្យយុវជនកម្ពុជាទាំងអស់ប្តូរឥរិយាបទ ផ្នត់គំនិតយកថ្ងៃ១៤ កុម្ភៈ មកធ្វើសេចក្តីល្អចំពោះ មាតាបិតា ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសអតីតយុទ្ធជន យុទ្ធនារី និងកុមារកំព្រាដែលពួកគាត់កំពុងស្ថិតក្នុងភាពឯកោដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅឡើងវិញ។

ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នេះជាឆ្នាំទី៩ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានប្រារព្ធនូវមូលនិធិថ្ងៃនៃក្តីស្រឡាញ់។

ក្នុងនាម ស.ស.យ.ក បានខិតខំព្យាយាមធ្វើសកម្មភាពព្រមៗគ្នា ដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូរផ្នត់គំនិតយុវជនយើង ពិសេសយុវតីឱ្យយល់ថាថ្ងៃ១៤ កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់មិនមែនជាថ្ងៃបុណ្យសង្សារនោះទេ។ ទន្ទឹមនេះលោករំពឹងថា យុវជនទាំងអស់នឹងយកវប្បធម៌មួយនេះ ធ្វើជាវប្បធម៌សម្រាប់ចែករំលែកសម្រាប់អ្នកទាំងអស់គ្នា ពិសេសសម្រាប់ស្នាមញញឹមរបស់យើងទាំងអស់គ្នាផងដែរ៕